បុរសដែលទះកំផ្លៀងប្រធានាធិបតី បារាំងលោកម៉ាក្រុង បានឡើងតុលាការនៅថ្ងៃទី១០ខែមិថុនានេះ ។ រដ្ឋអាជ្ញា Alex Perrin បានឱ្យដឹងថា បុរសឈ្មោះ Damien Tarel បានសារភាពទទួលស្គាល់ពីកំហុសរបស់ខ្លួនដែលបានទះកំផ្លៀងប្រធានាធិបតីម៉ាក្រុងពេលលោកបំពេញទស្សនកិច្ចនៅសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ Drome ស្ថិតនៅភាគខាងត្បូងនៃប្រទេសបារាំងកាលពីថ្ងៃទី៨ ខែមិថុនា។ លោក Tarel បញ្ជាក់ថា សកម្មភាពទះកំផ្លៀងគឺមិនមានការឡើងគម្រោងឬគិតទុកជាមុននោះឡើយ។
លោករដ្ឋអាជ្ញា Perrin បានឱ្យដឹងនៅថ្ងៃទី ៩ខែមិថុនា ថា «បុរសដៃដល់ធ្វើសកម្មភាពខ្វះការពិចារណា ក្នុងពេលមានអារម្មណ៍មិនពេញចិត្ត ។
បុរសវ័យ២៨ឆ្នាំសារភាពថា លោកបានចាប់អារម្មណ៍ទៅលើការធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលបារាំង ហើយជាបុគ្គលមានទស្សនៈនយោបាយប្រឆាំង។ ករណីបុរសវ័យ២៨ឆ្នាំទះកំផ្លៀងប្រធានាធិបតី បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ប្រធានាធិបតីម៉ាក្រុងក៏បានលើកឡើងថា នេះជាករណីពិសេសមិនដែលកើតមានឡើង។ លោកក៏បានបញ្ជាក់ទៀតថា អំពើហិង្សា និងការស្អប់ខ្ពើមគឺជាការគំរាមកំហែងដល់ប្រជាធិបតេយ្យនៅបារាំង។
បទល្មើសហិង្សទៅលើមន្ត្រីរដ្ឋាភិបាល ក្នុងនោះមានទះកំផ្លៀងប្រធានាធិបតីបារាំង អាចជាប់គុកច្រើនបំផុត៣ឆ្នាំ និងត្រូវពិន័យជាប្រាក់៤៥.០០០អឺរ៉ូ ៕ដោយ៖ធីរីណា
រូបភាព៖Reuters