ភ្នំពេញ៖នៅព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាប្រធានប្រតិបត្តិចាក់វ៉ាក់សាំងកូវីដ-១៩ និង នាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិ រួមជាមួយលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងលោកស្រី លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅវិទ្យាល័យសន្ធរម៉ុក ។
នាព្រឹកថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២១ក៏មានរៀបចំពិធីប្រគល់អំណោយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ប្រគល់ជូនក្រុមគ្រូពេទ្យក្រសួងការពារជាតិផងដែរ ។
លោកស្រីវេជ្ជបណ្ឌិត លី អៃឡាន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា បានថ្លែងថា៖ “ពលរដ្ឋកម្ពុជា មានភ័ព្វសំណាងណាស់ ដែលទទួលបាន ការចាក់វ៉ាក់សាំង ដោយមិនគិតថ្លៃ”។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ កុំខកខានឱ្យសោះ ក្នុងការទៅចាក់វ៉ាក់សាំងប្រឆាំង កូវីដ-១៩ ដែលកំពុងតែដំណើរការចាក់ នៅក្នុងមូលដ្ឋានដែលខ្លួនកំពុងរស់នៅ៕
ដោយ៖ សូរិយា