ភ្នំពេញ៖ បុរសម្នាក់បានដោះអាវ ស្លៀកតែខោខ្លី រួចរត់សំដៅចូលអុកឡុកក្នុងមន្ទីរពេទ្យសង់ត្រាល់ និងបានវាយទៅលើសមត្ថកិច្ចម្នាក់ បណ្តាលឱ្យរងរបួស។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង១២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវលេខ១៥៤ កែងនឹងផ្លូវ៥៣ នៅចំណុចមន្ទីរពេទ្យសង់ត្រាល់ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានពីបុគ្គលិកដែលធ្វើការនៅក្នុងមន្ទីរពេទ្យសង់ត្រាល់ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បានដោះអាវ ស្លៀកតែខោខ្លី ហើយក៏មិនដឹងថាតើគាត់មានផ្ទះនៅជិតនឹងឬមួយក៏មកពីណានោះទេ។ ដោយបានរត់ដេញវាយគេនិងយកដុំថ្មគប់គេផ្អើលពេញផ្លូវលេខ៦៣ កែងផ្លូវលេខ១៥៤ រួចហើយក៏រត់ចូលទៅក្នុងមន្ទីរពេទ្យសង់ត្រាល់ បង្កការអុកឡុកគេឯងតែម្តង ។ភ្លាមៗនោះដែរ ក៏មានបុគ្គលិកនៅក្នុងមន្ទីរពេទ្យនោះ បាននាំគ្នាឃាត់ និងយកខ្សែទៅចងដៃចងជើង ដើម្បីកុំឱ្យបុរសរូបនោះរត់អុកឡុកគេឯងទៀត។ចំណែកបុរសរូបនេះត្រូវគេសង្ស័យថាជាមនុស្សបែកថ្នាំបាននិយាយថា រូបគេមិនមែនចង់រករឿងគេឯងនោះទេ គឺរូបគេរត់ចូលទៅ ដើម្បីរកមើលបងប្អូនគាត់នៅក្នុងមន្ទីរពេទ្យ លុះបានមួយសន្ទុះក្រោយមក និយាយគ្នាមិនដឹងរឿងរ៉ាវអីនោះទេ ។
ក្រោយកើតហេតុបន្តិចសមត្ថកិច្ចមូលដ្ឋានមកដល់ឃាត់ខ្លួន បែរជាបុរសរូបនេះបានវាយទៅលើសមត្ថកិច្ចថែមទៀត សំណាងល្អដែលមិនមានរងរបួសធ្ងន់ធ្ងរ គ្រាន់តែហើមមុខមួយចំហៀងតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុនេះ សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនបុរសរូបនោះ ទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលផ្សារថ្មី៣ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ដោយ៖ជ្រោយពេជ្រ