ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តក្រឡុកសុីម៉ង​ត៍បុកម៉ូតូហុងដាឌ្រីមអូសជិត២០ម៉ែត្រ​នៅច្រមុះជ្រូកក្បាលថ្នល់និងកិនជេីងស្ត្រីម្ចាស់ម៉ូតូឱ្យរងរបួសធ្ងន់​

ចែករំលែក៖

ភ្នំពេញ​ ៖​ ស្ត្រីម្នាក់បានរងរបួសជេីងឆ្វេងយ៉ាងធ្ងន់ធ្ងរ​ព្រោះតែត្រូវរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿងបានបើកបុកម៉ូតូជនរងគ្រោះពីក្រោយរួចហើយកិនអូសជិត២០ម៉ែត្រ​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរនិងសមត្ថកិច្ចកាលពីវេលាម៉ោង១២​ និង៣០នាទីរសៀលថ្ងៃទី១១​ ខែមិថុនា​ ឆ្នាំ​២០២១​ ស្ថិតនៅចំណុចច្រមុះជ្រូកក្បាលថ្នល់​ តាមបណ្ដោយផ្លូវព្រះមុនីវង្ស​ កែង​នឹងផ្លូវលេខ២៧១​ ក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ។ 

  តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុ​គេឃេីញស្ត្រីម្នាក់មានវ័យប្រហែល៤០ឆ្នាំ​ ជិះម៉ូតូមួយគ្រឿងម៉ាក​ ហុងដាឌ្រីម​ ស៊េរីឆ្នាំ២០១៤​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​1CB-5862តាមបណ្តោយផ្លូវព្រះមុនីវង្ស​ក្នុងទិសដៅពីលិចទៅកើត​ ខណៈមកដល់ចំណុចកើតហេតុក៏បានឈប់ចាំភ្លើងស្តុប ពេលនោះក៏មានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង​ ពណ៌ស​ លាយឈាមជ្រូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 5A-3181 បេីកបរដោយបុរសម្នាក់ធ្វេីដំណេីរមកពីក្រោយ​ ហេីយក៏បុកពីក្រោយម៉ូតូជនរងគ្រោះបត់មកឆ្វេងដៃកិនម៉ូតូអូសជិត២០ម៉ែត្រ​ ព្រមទាំងកិនជើងម្ខាងរបស់ស្ត្រីខាងលេីរងរបួសយ៉ាងធ្ងន់ធ្ងរ​ ។ ភ្លាមៗនោះសមត្ថកិច្ចដែលឈរជេីងនៅគោលដៅកន្លែងកេីតហេតុក៏បានឃាត់ខ្លួនតៃកុងរថយន្តបង្កបញ្ចូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការមន​ ព្រមទាំងទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកស្ត្រីរងគ្រោះបញ្ចូនទៅសង្គ្រោះបន្ទាន់ផងដែរ​ ។ 

  ក្រោយមក​សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក​នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ចុះមកធ្វេីការវាស់វែងយករថយន្តបង្កហេតុនិងម៉ូតូរងគ្រោះទៅរក្សាទុក​ដេីម្បីរង់ចាំដោះស្រាយនៅពេលក្រោយ​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖