ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនពលករចំនួន ៤៥នាក់ បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ពលករចំនួន ៤៥នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១នេះ ខណៈពេលដែលពួកគេបម្រុងលួចឆ្លងដែនទៅប្រទេសថៃ ចំនួន ៤៥នាក់ ក្នុងនោះស្រី ចំនួន ២៣នាក់ ត្រង់ចំណុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ 

ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ និងដឹកនាំកម្លាំងផ្ទាល់ដោយ លោកវរសេនីយ៍ទោ  ប៉ែន សុគន្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងល្បាត២៤ម៉ោងលើ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។ ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួបពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង។ 

សូមបញ្ជាក់ថា ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេសសូមបន្តចូលរួមអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានទាំងអស់គ្នា។

បច្ចុប្បន្នពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់៕

ដោយ៖ សូរិយា


ចែករំលែក៖