ព័ត៌មានទាន់ហេតុការណ៍៖

តំណាងលោកអភិបាលរងខេត្តព្រៃវែងចុះសួរសុខទុក្ខនិងយកថវិកា២លានរៀលប្រគល់ជូនភរិយាលោកគង់ សារូ អតីតចៅសង្កាត់ស្វាយរៀងដែលទទួលមរណភាពនាពេលថ្មីៗនេះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកឈីវ សារ៉ន តំណាងលោកសំ ប៊ុណ្ណារិន  អភិបាលរងខេត្តព្រៃវែង បានចុះសួរសុខទុក្ខនិងបានយកថវិកាចំនួន២លានរៀលប្រគល់ជូនលោកស្រី សេង សុភី ដែលជាភរិយាលោកគង់ សារូ អតីតចៅសង្កាត់ស្វាយរៀងដែលបានទទួលមរណភាពដោយសារជំងឺកាលពីថ្ងៃទី១៣ខែមេសាឆ្នាំ២០២១កន្លងទៅ។

  ការចុះសួរសុខទុក្ខដល់ក្រុមគ្រួសារលោកគង់ សារូ នេះធ្វើឡើងនៅព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ស្ថិតនៅគេហដ្ឋានរបស់លោកស្រីក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

លោក ឈីវ សារ៉ន បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែងដល់លោកស្រីសេង សុភី ដែលជាភរិយា កាលពីលោកគង់ សារូ អតីតចៅសង្កាត់ស្វាយរៀងនៅមានជីវិតគឺលោកមានស្នាដៃដ៏ធំធេងក្នុងការបម្រើដល់ប្រជាពលរដ្ឋនិងប្រទេសជាតិមិនខ្លាចនឿយហត់ក្នុងការលះបង់ពេលវេលាដ៏មានតម្លៃមិនអាចខ្វះបាននិងធ្វើឱ្យអ្នកភូមិជិតខាងក៏ដូចជាថ្នាក់ដឹកនាំខេត្តមានចិត្តស្រលាញ់គ្រប់ៗគ្នា។

ក្នុងឱកាសនោះលោកឈីវ សារ៉នក៏បានពាំនាំប្រសាសន៏ផ្ដាំផ្ញើរបស់លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែងដល់លោកស្រីសេង សុភី សូមថែរក្សាសុខភាពជាចម្បងកុំគិតអ្វីច្រើនពេកនិងកុំបាក់ទឹកចិត្តព្រោះជីវិតគឺជាការតស៊ូនិងខំប្រឹងថែរក្សាក្រុមគ្រួសារកូនៗបន្តទៀត។

មិនតែប៉ុណ្ណោះលោកក៏សូមឱ្យលោកស្រីបន្តអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ៣កុំ៣ការពារ ជាប់ជានិច្ចទើបយើងអាចទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងកូវីដ-១៩ផងដែរ។

ក្នុងឱកាសនោះលោកស្រីសេង សុភីសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនៅទឹកចិត្តរបស់លោកសំ ប៊ុណ្ណារិន អភិបាលរងខេត្តព្រៃវែងដែលបានគិតគូរសុខទុក្ខនិងបានឧបត្ថមថវិកាដល់រូបគាត់ជាភរិយានិងក្រុមគ្រួសារនិងជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖