ព័ត៌មានទាន់ហេតុការណ៍៖

ផ្ទះប្រជាពលរដ្ឋ១២ខ្នងត្រូវបានរលំនិងរបើកដំបូលក្នុងស្រុករមាសហែកដោយសារតែភ្លៀងលាយខ្យល់កន្ត្រាក់

ចែករំលែក៖

  ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់ក៏មានផ្ទះប្រជាពលរដ្ឋ១២ខ្នងដែរដែលត្រូវបានដួលរលំនិងរបើកដំបូលដោយសារតែត្រូវខ្យល់កន្ត្រាក់វាយប្រហារនៅក្នុងឃុំ២នៃស្រុករមាសហែក តែជាសំណាងដែរដែលមិនមានអ្នករងគ្រោះថ្នាក់។

   ហេតុការណ៍នេះបានកើតឡើងកាលពីចន្លោះម៉ោង៣រសៀលរហូតដល់ម៉ោង១២យប់ថ្ងៃទី១១ខែមិថុនាឆ្នាំ២០២១ស្ថិតនៅក្នុងឃុំម្រាមនិងឃុំអំពឹល ស្រុករមាសហែក។

  យោងតាមអាជ្ញាធរស្រុករមាសហែកបានឱ្យដឹងថា ព័ត៌មានបឋមគឺមានផ្ទះប្រជាពលរដ្ឋ១២ខ្នងត្រូវបានដួលរលំនិងរបើកដំបូលបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរបន្ទាប់ពីមានករណីភ្លៀងនិងខ្យល់កន្ត្រាក់នៅក្នុងឃុំ២នៃស្រុករមាសហែក។

ប្រភពបន្តថា ឃុំម្រាមមាន៨ខ្នងផ្ទះបានរងគ្រោះដែលមានម្ចាស់ឈ្មោះទី១-ឈ្មោះនូ សារ៉ុន ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិធ្មារ ឃុំម្រាម ស្រុករមាសហែក ដោយផ្ទះរបើកក្បឿងអស់ចំនួន៧៥សន្លឹក។ទី២-ឈ្មោះ ពេញ សុជាតា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកសិករ ផ្ទះត្រូវរបើកក្បឿងអស់ចំនួន៦៥សន្លឹក។  ទី៣-ឈ្មោះ ពេជ្រ ម៉ុល ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ ផ្ទះរបើកក្បឿងអស់៧៧សន្លឹក។

ទី៤-ឈ្មោះ ចាន់ សារុំ ភេទស្រី អាយុ៤៣ឆ្នាំ ផ្ទះរបើកក្បឿងអស់៧៥សន្លឹក។ទី៥-ឈ្មោះ នូ សាមឿន ភេទប្រុស អាយុ៦៥ឆ្នាំ មុខរបរកសិករ ផ្ទះ របើកក្បឿងអស់៧៨សន្លឹក។ទី៦-ឈ្មោះ ពេជ្រ ជា ភេទស្រី អាយុ៦៧ឆ្នាំ មុខរបរកសិករ ខូចខាតផ្ទះឈើមានទំហំ៥ម៉ែត្រគុណនិឹង៧ម៉ែត្រ ប្រក់សង្ក័សី ខូចខាត បាក់សសរហើយមានការទ្រេត របើកដំបូលសង្ក័សីមួយចំហៀង។ ទី៧-ឈ្មោះ ឃ្លោក កន ភេទប្រុស អាយុ៦៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាល ឃុំម្រាម ផ្ទះរបើកក្បឿងអស់៧០សន្លឹក។ ទី៨-ឈ្មោះ ឆុន ចាន់ឌា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិត្រឡាច ឃុំម្រាម ផ្ទះរបើកក្បឿងអស់១១០សន្លឹក។ ទី៩-ឈ្មោះ អាំ សី ភេទស្រី អាយុ៣៧ឆ្នាំ ភូមិត្រពាំងពិការ ឃុំអំពឹល ស្រុករមាសហែក ផ្ទះលោតចេញពីជើងកំណល់។ទី១០-ឈ្មោះ  ជេត ជុន ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិត្រពាំងពិការ ផ្ទះរបើកដំបូលសង្ក័សីធ្លាក់មកដី។ ទី១១-ឈ្មោះ កុយ ប៉ឹក ភេទប្រុស អាយុ៣៧ឆ្នាំ នៅភូមិត្រពាំងពិការ ផ្ទះរបើកដំបូល(សង្ក័សីធ្លាក់មកដី) និងទី១២-ឈ្មោះ កុយ  វិន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកសិករ រស់នៅភូមិត្រពាំងពិការ ឃុំអំពិល ស្រុករមាសហែកផ្ទះរបើកដំបូលដូចគ្នាផងដែរ៕

ដោយ៖ យឹម សុថាន


ចែករំលែក៖