ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្ដាល ៖ (ក្រុមប្រព្រឹត្តសកម្មភាពបង្ហោះម៉ូតូតាមរូបភាពវីដេអូកន្លងមកនោះជាយុវជនរស់នៅរាជធានីភ្នំពេញ)

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមជម្រាបជូនសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាប ថ្មីៗនេះមានបណ្តាញសង្គមឈ្មោះ Family OT និងបណ្តាញសារព័ត៌មានមួយចំនួន បានបង្ហោះវីដេអូ ពីសកម្មភាពយុវជនមួយក្រុមបានបង្ហោះម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ២១ ស្ថិតក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាឲ្យជំនាញពាក់ព័ន្ធ ស្រាវជ្រាវកំណត់អត្តសញ្ញាណក្រុមយុវជនដែលធ្វើសកម្មភាពបង្ហោះម៉ូតូនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនោះយកមកអនុវត្ត(តាមនីតិវិធី)។

ជាលទ្ធផល៖ នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ កម្លាំងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ឯក ឆេង សំអឿន បើកកិច្ចប្រតិបត្តការស្រាវជ្រាវតាមវិធានការជំនាញបានទទួលលទ្ធផលដូចខាងក្រោម ៖
(ក្រុមប្រព្រឹត្តសកម្មភាពបង្ហោះម៉ូតូតាមរូបភាពវីដេអូកន្លងមកនោះជាយុវជនរស់នៅរាជធានីភ្នំពេញ)។
-ស្លាកលេខម៉ូតូ ភ្នំពេញ 1IP 2068 Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០២០ ជាកម្មសិទ្ធិឈ្មោះ រ៉ិត សុភា ហើយត្រូវបានកូនយកជិះធ្វើសកម្មភាពបង្ហោះ នោះឈ្មោះ ឈឹម ម៉ានុត ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

-តាមចម្លើយសារភាពរបស់យុវជនឈ្មោះ ឈឹម ម៉ានុត បានឲ្យដឹងថា ខ្លួននិងបក្ខពួកប្រមាណជា២០នាក់ និងម៉ូតូប្រមាណ១៥គ្រឿង មានអ្នកខ្លះស្គាល់ និងខ្លះទៀតមិនស្គាល់ មកតាមគ្នា ពិតជាបានធ្វើសកម្មភាពបង្ហោះម៉ូតូនៅតាមបណ្តាយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ប្រាកដមែន។

-យើងកំពុងបន្ដនីតិវិធីនៃការកំណត់មុខសញ្ញាបក្ខពួកក្រុមផ្សេងទៀតតែងតែមកពីរាជធានីភំពេញមកបង្ហោះម៉ូតូនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបជាព័ត៌មាន៕

ដោយ៖ សិលា


ចែករំលែក៖