ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនឹងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ១បណ្តាលឲ្យបុរសម្នាក់ស្លាប់ និង២នាក់ទៀតរងរបួសធ្ងន់ស្រាល

ចែករំលែក៖

ខេត្តកណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត(បុកគ្នា) បណ្តាលឱ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល២នាក់។

ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៩-២០ ក្នុងភូមិកោះបៀ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ 

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងអត់មានស្លាកលេខ  អ្នកបើកបរឈ្មោះ រៀម សាល អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល របួសធ្ងន់ (បើកបរក្នុងទិសដៅភ្នំពេញអ្នកលឿង)។ ចំណែកអ្នករួមដំណើរ ឈ្មោះ មាស ថន ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល (ស្លាប់)។ 

សមត្ថកិច្ចបានឲ្យដឹងទៀតថា ក្នុងពេលបើកបរដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្ត ១គ្រឿង ដែលមានទិសដៅបញ្ជ្រាសគ្នា (ទិសដៅអ្នកលឿងភ្នំពេញ) អ្នកបើកបរឈ្មោះ ឯម ភារៈ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រៃស្រះ ឃុំសម្បត្តិមានជ័យ ស្រុករមាសហែកខេត្តស្វាយរៀង(របួសស្រាល)។

ជនរងគ្រោះ ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យ រីឯសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែងយកម៉ូតូ និងរថយន្ត ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖