ព័ត៌មានទាន់ហេតុការណ៍៖

ខឹងឪពុកម្ដាយមិនព្រមលក់ដីសង់ផ្ទះថ្មី ចិត្តខ្លាំងដុតផ្ទះឆេះម៉ត់ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាកូនប្រុសម្នាក់ខណ:ខឹងឪពុកម្ដាយមិនព្រមលក់ដីធ្វើផ្ទះថ្មី ចិត្តខ្លាំងដុតផ្ទះឆេះម៉ត់សល់តែផេះ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២១ស្ថិតនៅចំណុចភូមិក្បាលថ្នល់ ឃុំត្នោត ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យជាកូនមានឈ្មោះ វៀង ភានិត អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំខាងលើ។

ចំពោះផ្ទះដែលឆេះម៉ត់សល់តែផេះមានទំហំ ៦ម៉ែតគុណនឹង៥ម៉ែត្រធ្វើអំពីកូនប្រេងខ្យល់ដំបូលប្រក់សង្ក័សីនិងជញ្ជាំងសង្ក័សី។

តាមអ្នកភូមិបានឱ្យដឹងថាមុនកើតហេតុឃើញក្រុមគ្រួសារមានការឈ្លោះប្រកែកគ្នាខណៈជនសង្ស័យជាកូនប្រុសបានទាមទារឱ្យឪពុកម្ដាយលក់ដីចេញដើម្បីសាងសង់ផ្ទះថ្មីនឹងគេ។

ប្រភពបន្តថាក្រោយមកស្រាប់តែមានអណ្ដាតភ្លើងឆេះយ៉ាងសន្ធោរសន្ធៅផ្អើលអស់អ្នកភូមិជិតខាងនាំគ្នាជួយពន្លត់ប៉ុន្តែដោយភ្លើងឆេះពេញក្រមុំមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ក្រោយកើតហេតុសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យជាកូនប្រុសបញ្ជូនមកកាន់នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្នោតដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ យឹម សុថាន

 


ចែករំលែក៖