ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះការពារព្រំដែនកម្ពុជា-ថៃបានដើរល្បាតនៅខាងជើងភូមិតេជោភ្នំឆ័ត្រចម្ងាយប្រហែល៥០ម៉ែត្រ ក្នុងភូមិសាស្ត្រភូមិតាជោភ្នំឆ័ត្រ ឃុំស្វាយចេក ស្រុកស្វាយចេក នៅរសៀលថ្ងៃទី១២ខែមិថុនា ឆ្នាំ២០២១នេះ បានជួបប្រជាពលរដ្ឋខ្មែរចំនួន១០នាក់ និងអ្នកបើករថយន្តម្នាក់ បម្រុងនាំគ្នាឆ្លងដែនដោយខុសច្បាប់ទៅធ្វើការនៅប្រទេសថៃ ហើយក៏ឃាត់ខ្លួនដើម្បីចាត់ការតាមច្បាប់។
បើតាមការឲ្យដឹងពីលោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាលស្រុកស្វាយចេក បានឲ្យដឹងនៅរសៀលថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ថាប្រជាពលរដ្ឋដែលបម្រុងឆ្លងដែននោះគឺសុទ្ធតែបុរសទាំងអស់មកពីខេត្តព្រៃវែងនិងស្វាយរៀង ។ ជាមួយគ្នានោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកដឹកជញ្ជូន១នាក់ ឈ្មោះ សេង ហ៊ុយ ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលជាមេខ្លោងនាំផ្លូវ។ ពួកគេធ្វើដំណើរដោយរថយន្តម៉ាក HIGHLANDER ពណ៌ស ពាក់ស្លាក់លេខ ភ្នំពេញ 2AH-3897 បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
លោកអធិការបន្តថា ចំពោះប្រជាពលរដ្ឋទាំង១០នាក់នោះ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័ក នៅវិទ្យាល័យស្វាយចេក។ ចំណែកអ្នកបើកបររថយន្តកំពុងធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តចាត់ការបបន្តតាមច្បាប់៕
ដោយ ៖ ប្រាថ្នា