ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចថៃឃាត់ពលករខ្មែរប្រុសស្រី១០នាក់លួចឆ្លងដែនខុសច្បាប់

ចែករំលែក៖

     ក្រុងប៉ោយប៉ែត៖ កម្លាំងទាហានព្រំដែនរបស់សមត្ថកិច្ចថៃ បានស្កាត់ចាប់ឃុំខ្លួនពលករខ្មែរចំនួន១០នាក់ កាលពីវេលាម៉ោងប្រមាណ១៨និង១៥នាទីថ្ងៃទី១៣ មិថុនា ២០២១។

សេចក្ដីរាយការណ៍ពីតម្រួតថៃបានឲ្យដឹងថា កម្លាំងទាហានស្រុកតា ព្រះយ៉ា សហការជាមួយទាហានកងកម្លាំងបូរផា កងរយទី១២៥ ស្រុកតា ព្រះយ៉ា និងអាជ្ញាធរដែនដី បានរួមគ្នាចាប់ពលករខ្មែរ ដែលលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ បានចំនួន១០នាក់ ក្នុងនោះមានប្រុស៤ និងស្រី៦នាក់។

ពលករដែលសមត្ថកិច្ចថៃចាប់យកទៅឃុំខ្លួនរួមមានឈ្មោះ៖

១-សេត ញៀន ភេទប្រុស អាយុ៣២ឆ្នាំ ២-វ៉ាន់ សឿន ភេទប្រុស អាយុ៣៧ឆ្នាំ ៣-យស មូហា ភេទប្រុស អាយុ៣១ឆ្នាំ ៤-គ្លឿន សេម ភេទប្រុស អាយុ៤៥ឆ្នាំ ៥-វើន ម៉ឺន ភេទស្រី អាយុ៤៤ឆ្នាំ ៦-លួន ឡេង ភេទស្រី អាយុ៤០ឆ្នាំ ៧-ថៃ ឡេង ភេទស្រី អាយុ៤៣ឆ្នាំ ៨-ម៉េត ពីម ភេទស្រី អាយុ៣០ឆ្នាំ ៩-ណាត់ លឿន ស្រី អាយុ១៩ឆ្នាំនិង១០-អ៊ីត សន ភេទស្រី អាយុ១៨ឆ្នាំ។

អ្នកទាំងអស់មានសញ្ជាតិខ្មែរ ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ។យ៉ាងណាក៏ដោយ ក្រោយពីធ្វើការត្រួតពិនិត្យ សមត្ថកិច្ចថៃរកឃើញថា ពលករខ្មែរទាំងអស់បានលួចឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ ដោយចូលតាមច្រករបៀង តែមិនឃើញមានមេខ្យល់នាំផ្លូវទេ។ការចាប់ឃុំខ្លួនលើកនេះ សមត្ថកិច្ចថៃបានអនុវត្តតាមវិធានរបស់សុខាភិបាល និងធ្វើកំណត់ហេតុ រួចបញ្ជូនខ្លួនទៅឲ្យជំនាញស្រុកតា ព្រះយ៉ា ដើម្បីចាត់ការតាមច្បាប់បន្ត ឬបណ្ដេញឲ្យចេញ តាមច្រកភូមិអូរបីជាន់ ក្នុងស្រុកអូរជ្រៅ នៃខេត្តបន្ទាយមានជ័យមកកម្ពុជាវិញ៕

ដោយ ៖ វណ្ណា


ចែករំលែក៖