ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ ៖ អាជីវករប្រមាណ៧០ភាគរយនៅតាមផ្សាររដ្ឋទាំង២៥បានចូលលក់ដូរឡើងវិញ ខណៈអាជីវករលក់គ្រឿងហូបចុក បន្លែ ត្រីសាច់ បានមកលក់ពេញ១០០ភាគរយនៅថ្ងៃទី១៥មិថុនានេះ

ចែករំលែក៖

ភ្នំពេញ៖  នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១នេះគឺជាថ្ងៃដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចឱ្យបើកដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាប្រក្រតីឡើងវិញក្នុងក្របខ័ណ្ឌផ្សាររដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ ក្រោយពីបានបិទខ្ទប់មិនឱ្យដំណើរការចាប់តាំងពីអំឡុងខែ មេសាឆ្នាំ២០២១កន្លងមក និងបានបើកឡើងវិញក្នុងកម្រិតត្រឹមតែលក់គ្រឿងហូបចុក បន្លែ ត្រីសាច់កាលពីថ្ងៃទី២៤​ ឧសភាកន្លងទៅ​ ។ ប៉ុន្តែចាប់ពីថ្ងៃ១៥ មិថុនានេះតទៅអាជ្ញាធររាជធានីភ្នំពេញបានសម្រេចបើកឱ្យដំណើរការគ្រប់អាជីវកម្ម-ការលក់ដូរជាធម្មតាឡើងវិញទាំងអស់។ ប៉ុន្តែភាពជាក់ស្តែងនៅព្រឹកនេះមានអាជីវករប្រមាណ៧០ភាគរយប៉ុណ្ណោះបានចូលមកលក់ដូរវិញ ដោយសារថា៖ សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹងនិងមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយ។ ប៉ុន្តែចំពោះអាជីវករដែលលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ ភាគរយ។

    ការបើកឱ្យដំណើរការឡើងវិញនៅព្រឹកថ្ងៃ១៥ មិថុនានេះ ឃើញថា នៅតាមបណ្តាផ្សាររដ្ឋនានានៅក្នុងរាជធានីបានដំណើរការជាធម្មតា ជាមួយនឹងការអនុវត្តនូវវិធានរបស់ក្រសួងសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដោយបានអនុវត្តវិធានការសុវត្ថិភាព ពាក់ម៉ាស់, ការរក្សាគម្លាតសុវត្ថិភាព, ការធ្វើអនាម័យសម្លាប់មេរោគ, ការវាស់កម្ដៅ, ការស្គេន QR Codeជាដើម ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ 

  លោក​ ចំរេីន​ សុខលីម ប្រធានផ្សារទួលទំពូង​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥មិថុនានេះថា ផ្សារទួលទំពូងចាប់ផ្តេីមបេីកលក់នៅព្រឹកនេះ បានគោរពតាមវិធានសុខាភិបាលនិងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។ ច្រកចេញ ចូលផ្សារចំនួន១០ត្រូវបានបេីកទ្វារសម្រាប់អាជីវករបានលក់ដូរជាធម្មតាឡើងវិញ ដោយនៅតាមច្រកចេញចូលលោកបានចាត់ចែងឱ្យមានកម្លាំងសន្តិសុខជួយសម្រួល ដោយការបាញ់កម្តៅ​ លាងអាល់កុលនិងធ្វេីការស្គេនQRកូដផងដែរ មុននឹងអនុញ្ញាតឱ្យអាជីវករចូលទិញលក់នៅក្នុងផ្សារ​។ ចំណែកបងប្អូនអាជីវករបានពាក់ម៉ាស់គ្រប់គ្នាជាមួយនិឹងការដាក់ដបអាល់កុលសម្រាប់ភ្ញៀវបានបាញ់សម្លាប់មេរោគនៅគ្រប់តូបផងដែរ។

   លោកបន្តថា សម្រាប់ថ្ងៃទី១៥ មិថុនានេះ មានអាជីវករមកលក់ដូរបានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ដោយសារថា សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីបានចេញនៅពេលយប់ អាជីវករមួយចំនួនបានដឹងនិងមួយចំនួនទៀតមិនទាន់បានដឹងនៅឡើយ ។ប៉ុន្តែចំពោះអាជីវករខាងលក់គ្រឿងហូបចុក បន្លែ ត្រីសាច់បានមកលក់ពេញ១០០ភាគរយ។

   លោក ឯក និមល ប្រធានគណៈកម្មការផ្សារបឹងកេងកង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៥ មិថុនានេះដែរថា ចំពោះអាជីវករមកបើកតូបលក់ដូរនាថ្ងៃបើកផ្សារទូលំទូលាយពេលនេះ បានប្រមាណ ៧០ភាគរយប៉ុណ្ណោះ ។ លោក និមល បន្តថា ផ្សារបានបើកច្រកចេញចូល ៥ច្រក ក្នុងច្រកនីមួយៗ មានដាក់ម៉ាស៊ីនវាស់កម្តៅ និងស្គេន QR code ពិសេសស្លាក ៣កុំ ៣ការពារ របស់សម្តេចតេជោ ។ដោយឡែកចំពោះអាជីវករ ដែលមិនទាន់បានបើកលក់ដូរ គឺគាត់មកបើកតូប ដើម្បីបោសសម្អាត និងរៀបអីវ៉ាន់ដើម្បីលក់នាថ្ងៃបន្ទាប់ ។ក្នុងនាមអាជីវករផ្សារ ក៏ដូចអតិថិជន លោកសូមថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ពិសេសអភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង ដែលបានអនុញ្ញាតឱ្យបើកដំណើរការលក់ដូរផ្សារទាំង២៥ឡើងវិញ ។ 

   ប្រធានគណៈកម្មការគ្រប់គ្រងផ្សារធំថ្មី លោកស្រីប៉ុន ដានី បានមានប្រសាសន៍លើកឡើងថា ៖លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់ណាស់ ដើម្បីបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ដោយកន្លងមកនេះផ្សារទាំង២៥នៅក្នុងរាជធានីត្រូវបានលោកឃួង ស្រេងចែកម៉ាស់ អាល់កុល ម៉ាស៊ីនវាស់កម្តៅបាញ់កម្តៅជាច្រើនលើកមកហើយ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ជំងឺកូវីដ-១៩នេះឱ្យបាន។

    លោកស្រីបន្តថា ក្នុងផ្សារធំថ្មី អាជីវករបានពាក់ម៉ាស់គ្រប់គ្នារួមទាំងការវាស់កម្តៅពេលចេញចូលផ្សារដែលមាន៩កន្លែង,ការដាក់QR Codeរួមទាំងការណែនាំបងប្អូនជាប់ជាប្រចាំ ទាំងអ្នកលក់និងអ្នកចេញចូលផ្សារ និងមានកន្លែងលាងដៃ មានសាប៊ូនិងជែល ផងដែរ។ លោកស្រីបញ្ជាក់ថា ៖ការបើកផ្សារឡើងវិញលើកនេះ គណៈកម្មការផ្សារបានយកចិត្តទុកដាក់ខ្លាំងជាងមុនទៀត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

  លោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅ បានប្រាប់ឱ្យដឹងដែរថា៖ ចំពោះនៅផ្សារច្បារអំពៅបានបេីកតូបប្រហែល ៤០ភាគរយ និងមានអាជីវករប្រហែល៣០ភាគរយចូលលក់វិញហើយ ៕

        

ដោយ ៖ សំរិត


ចែករំលែក៖