ខេត្តស្វាយរៀង៖ លោក ធឿន រដ្ឋា ប្រធានការិយាល័យនីតិកម្ម សម្រុះសម្រួល និងវិវាទមូលដ្ឋានស្រុក តំណាងលោក ថន ថាវុទ្ធា អភិបាលស្រុកចន្ទ្រា ដឹកនាំក្រុមការងារ នាំយកសម្ភារថវិការបស់សប្បុរសជន មកប្រគល់ជូនបងប្អូនកម្មករកម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក ចំនួន ១២ គ្រួសារ ស្ថិតនៅភូមិបារាយណ៍ ឃុំមេសរថ្ងក ស្រុកចន្ទ្រា នាព្រឹកថ្ងៃទី១៥ខែមិថុនាឆ្នាំ២០២១។
ក្នុងឱកាសនោះ ធឿន រដ្ឋា ប្រធានការិយាល័យនីតិកម្មនិងសម្រុះសម្រួលវិវាទមូលដ្ឋានស្រុកចន្ទ្រាសូមថ្លែងអំណរគុណដល់សប្បុរសជនមានដូចជាលោកស្រី ខាន់ សុីណាត តំណាងក្រុមហ៊ុនអេឡិក សុីធី អិកស៍ភី សុីណាត លោក ស៊ុំ សារ៉ាន លោក សង ទិត្យ លោក ញឹម បូណា និងលោក ភោគសម្ផស្ស និងសប្បុរសជនជាច្រើននាក់ទៀត ដែលបានឧបត្ថមជូនដល់បងប្អូនកម្មករកម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក នាពេលនេះ។
លោកក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ដល់បងប្អូនកម្មករកម្មការិនីដែលកំពុងធ្វើចត្តាឡីស័ក ដោយសេចក្ដីនឹករលឹកពីសំណាក់ លោក អភិបាលស្រុកចន្ទ្រា ជានិច្ចកាលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោក ធឿន រដ្ឋា សូមផ្តាំផ្ញើបន្ថែមដល់លោកមេឃុំ ក្រុមប្រឹក្សាឃុំលោកមេភូមិនិងជំនួយការភូមិ ត្រូវជួយបន្តផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅការរស់នៅស្អាត ពិសាទឹកដាំពុះ ហូបស្អាត សម្អាតបរិស្ថានជុំវិញផ្ទះ ណែនាំកូនចៅឲ្យគោរពច្បាប់ចរាចណ៍ គេងក្នុងមុងដើម្បីការពារជំងឺគ្រុនឈាម ហើយត្រូវដាំដំណាំ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេស សូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានកុំឲ្យធ្វេសប្រហែសពីជំងឺកូវីដ-១៩ នេះឱ្យសោះ ត្រូវអនុវត្តន៍តាមការណែនាំរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងសុខាភិបាល ៣កុំ ៣ការពារ ជាប់ជានិច្ច។
សូមបញ្ជាក់ថាអំណោយដែលប្រគល់ដល់ ១២ គ្រួសារ ដោយក្នុង មួយគ្រួសារទទួលបាន មី១កេស ទឹកត្រី ០១ ដបធំ ប៊ីចេង ០១ គីឡូក្រាម ស្ករស ០១ គីឡូក្រាម ត្រីខកំប៉ុង១យួរ ទឹកសុទ្ធ១យួរ សរុបចំណាយគិតជាថវិកាទាំងអស់ ១លាន៥សែន៧ម៉ឺន រៀល ។ បន្ទាប់មកលោកនិងបងប្អូនសប្បុរសជន បាននាំយកគ្រឿងឧបភោគបរិភោគសម្ភារប្រគេនដល់ព្រះសង្ឃ គង់នៅវត្តបារាយណ៍ រួមមាន ទឹកសុទ្ធ ២០យួរ មី១កេស ប៊ីចេង១គីឡូ ស្តរស ១ គីឡូផងដែរ ៕
ដោយ៖ យឹម សុថាន