ខេត្តកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្ដកំពង់ចាម បានសម្រេចដាក់ឲ្យដំណើរការឡើងវិញ សកម្មភាពអាជីវកម្ម ផលិតកម្មក្រុមហ៊ុនស្ដាយណាយ២ អ៉ិនធើណេសិនណល ខូអិលធីឌី ស្ថិតនៅភូមិតារាម ឃុំជ្រៃវៀន ស្រុកព្រៃឈរ បន្ទាប់ពីបិទមួយរយៈព្រោះជាប់ពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩។
ប៉ុន្តែនៅក្នុងសេចក្ដីជូនដំណឹងរបស់លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលកំពង់ចាម បានបញ្ជាក់ថា បើទោះបីជា មានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញ ក៏ពិតមែន រដ្ឋបាលខេត្តកំពង់ចាម បានណែនាំឲ្យម្ចាស់ទីតាំងត្រូវរៀបចំសង្វាក់ផលិតកម្មរបស់កម្មករ កម្មការិនី គឺត្រូវធ្វើការប្ដូរវេនកម្មករ កម្មការិនី និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គល ឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
គួរជម្រាបថា នៅថ្ងៃដដែល រដ្ឋបាលខេត្តកំពង់ចាម ក៏ប្រកាសរកឃើញករណីវិជ្ជមានថ្មី ៦០នាក់ ក្នុងនោះរួមមាន៖ ស្រុកបាធាយ ០៥នាក់, ស្រុកស្រីសន្ធរ ០៦នាក់,ស្រុកស្ទឹងត្រង់ ០១នាក់,ស្រុកព្រៃឈរ ១១នាក់,ស្រុកជើងព្រៃ ៣៣នាក់,ស្រុកចំការលើ ០១នាក់,ក្រុងកំពង់ចាម ០២នាក់,មកពីត្បូងឃ្មុំ ០១នាក់ និងអ្នកជំងឺជាស្បះស្បេីយ ២៣នាក់ និងស្លាប់ ០១នាក់៕ដោយ៖សហការី