ខេត្តកោះកុង ៖ បេីយោងតាមប្រភពព័ត៌មានពីកម្លាំងការិយាល័យព្រហ្មទណ្ឌខេត្តកោះកុង បានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះថា កម្លាំងជំនាញខេត្ត បានសហការជាមួយស្នាក់ការសន្តិសុខចាំយាម ដឹកនាំដោយ លោកវរសេនីយ៍ទោ នួន វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត សម្របសម្រួលដោយលោក អេង ចាន់ភារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបជាក់ស្តែងលេីករណីជនជាតិចិន ២នាក់ បានធ្វេីសកម្មភាពចែកចាយថ្នាំវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ១លើក នៅចំណុចក្រុមហ៊ុន L.y p group ភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី១៦ ខែមិថុនា ម្សិលមិញនេះ។
ប្រភពដដែល បន្តថា ជនសង្ស័យជាជនជាតិចិន ២នាក់នេះ រួមមាន៖ ទី១.ឈ្មោះ Li Changqing ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ ឃុំ កើតហេតុ។ និងទី២.ឈ្មោះ Huang Zhongwer ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ-ឃុំ កើតហេតុខាងលេី។
ក្នុងប្រតិបត្តិការនេះដែរ កម្លាំងជំនាញ បានចាប់យកវត្ថុតាងរួមមាន ៖រថយន្ត ០១គ្រឿង ម៉ាកព្រូសពាក់ស្លាកលេខ 2AW 4072 ពណ៌ប្រផេះ ថ្នាំវ៉ាក់សាំង Sinovacចំនួន ៦៥ដប , ធុងស្នោរក្លាសេថ្នាំចំនួន ០១ , ម្ជុល,សារ៊ាំងចំនួន ៤៥ដើម សំឡីអាល់កុលជូតដៃចំនួន ១១កញ្ចប់ , ស្រោមដៃចំនួន ០៣គូរ និង ទឹកអាល់កុលចំនួន ០៣ដប ។
ក្រោយឃាត់ខ្លួន ជនសង្ស័យខាងលើនេះ ត្រូវបានម្លាំងជំនាញកំពុងអនុវត្តតាមនីតិវិធី បញ្ជូនខ្លួនទៅតុលាការខេត្ត ដើម្បីចាត់ការតាមច្បាប់៕ដោយ៖សហការី