ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង ៖ ទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារ

ចែករំលែក៖

        ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា៖នៅក្នុងរាជធានីភ្នំពេញ ប្រជាពលរដ្ឋ ក្រីក្រ ប៉ះពាល់ដោយជម្ងឺកូវីដ-១៩នៅរាជធានីភ្នំពេញ ប្រមាណ១០ម៉ឺន គ្រួសារ ដែលទទួលបានប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩ ខណៈប្រទេសកម្ពុជាបាននិងកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩នេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋក្រីក្រដែលទទួលបានថវិកាជំនួយគាំពារសង្គមពីរាជរដ្ឋាភិបាលហើយ គឺមិនត្រូវបានទទួលប្រាក់ឧបត្ថមពីរាជរដ្ឋាភិបាល ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនិងជម្ងឺកូវីដ-១៩នេះទៀតទេ ។

     ការបញ្ជាក់បែបនេះលោក ឃួង ស្រេង  អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៧ មិថុនា ឆ្នាំ២០២១ នៅសាលារាជធានីភ្នំពេញ ខណៈ លោកអភិបាលអញ្ជើញទទួលជំនួយសង្គ្រោះបន្ទាន់ជាសាច់ប្រាក់និងស្បៀងពី ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ នូវទឹកប្រាក់ចំនួន ៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដើម្បីជួយទៅដល់បងប្អូនប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំងឺកូវីដ-១៩នៅរាជធានីភ្នំពេញ។

   លោក ឃួង ស្រេង  ក្នុងឱកាសនោះដែរ ក៏បានមានប្រសាសន៍បន្តទៀតថា ៖ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលរាជធានីភ្នំពេញ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទីភ្នាក់ងារ ស្វីសសម្រាប់ការអភិវឌ្ឍនិងសហប្រតិបត្តិការ ដែលបានផ្តល់ទឹកប្រាក់ចំនួន៨០ម៉ឺនដុល្លារសហរដ្ឋអាមេរិកជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភជីវភាពជូនប្រជាពលរដ្ឋ ដែលទទួលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរ មេរោគកូវីដ-១៩ ។

  តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាង សំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះ រាជាណាចក្រកម្ពុជា បានទាន់ពេលវេលា។ នៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជាបាន និងកំពុង ជូបប្រទះនឹងគ្រោះភ័យ នៃការរាត ត្បាត់ពីមេរោគកូវីដ-១៩ (Covid-i9)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់៕

                        

ដោយ ៖ សំរិត


ចែករំលែក៖