ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងបរិស្ថានបំពាក់ឡដុតសំរាម១គ្រឿងដល់សាលានាយទាហានត្មាតពងនិង១គ្រឿងទៀតដល់តំបន់អភិវឌ្ឍន៍ម៉ុងឬទ្ធីសែនជ័យ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ បានបំពាក់ឡដុតសំរាម សំណល់រឹង ម៉ូដែលបក្សីស១ ទំហំ ១-២តោន/ថ្ងៃ ចំនួន១គ្រឿង នៅសាលានាយទាហានសកម្មត្មាតពង ភូមិសាស្រ្តខេត្តកំពង់ស្ពឺ និងបំពាក់ឡម៉ូឌែលបក្សីស២ ទំហំ ២-៤តោន/ថ្ងៃ ចំនួន១គ្រឿង នៅតំបន់អភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឬទ្ធី សែនជ័យ ភូមិសាស្រ្តខេត្តកំពង់ស្ពឺ។ 

កម្មវិធីនេះរៀបចំឡើង ដើម្បីជំរុញ លើកទឹកចិត្ត ផ្តល់ភាពជាម្ចាស់ក្នុងការគ្រប់គ្រងសំរាម សំណល់រឹង ។

លោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការនិងជាប្រធាន ក្រុមការងារបានមានប្រសាសន៍ណែនាំឱ្យតំណាងសាលានាយទាហាន និងតំណាងក្រុមហ៊ុនដែលទទួលបានឡដុតសំរាមនេះយកមកប្រើប្រាស់ ដូចតទៅ៖

(១)ត្រូវមានឆន្ទៈម្ចាស់ការក្នុងការគ្រប់គ្រង ថែទាំ ប្រតិបត្តិជាប្រចាំ និងសហការជាមួយមូលដ្ឋានឃុំ/ស្រុក ធ្វើការប្រមូល សម្អាត ដឹកជញ្ជូន និងទុកដាក់ កែច្នៃ ដុតសំរាមឱ្យបានអស់ ស្អាត និងទៀងទាត់។

(២)ត្រូវអនុវត្តវិធានការ៣R ឬ ៥R ដើម្បីទាញយកធនធានពីសំរាមឱ្យអស់លទ្ធភាពមុននឹងយកទៅដុត។

(៣)ត្រូវធានាឱ្យបាននូវនិរន្តរភាពនៃការប្រើប្រាស់ឡ ដើម្បីរក្សាបាននូវអនាម័យបរិស្ថាន សោភ័ណភាព និងសុខុមាលភាព របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា នៅថ្ងៃនេះ ក្រុមការងារបំពាក់ឡដុតសំរាម សំណល់រឹង ទីប្រជុំជន ដឹកនាំដោយលោក ស្រ៊ុន ដារិទ្ធិ រដ្ឋលេខាធិការក្រសួងបរិស្ថាន អមដំណើរដោយលោក ខូវ សូវៀត ទីប្រឹក្សាលោករដ្ឋមន្រ្តី, លោក ឌី គីដែន ប្រធាននាយកដ្ឋានគ្រប់គ្រងសំណល់រឹង, លោក ជុំ សុខជា ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងគណនេយ្យ, លោក ឡេង គឹមស្រុង អនុប្រធាននាយកដ្ឋាន, លោក អាន ពុទ្ធារ៉ា អនុប្រធាននាយកដ្ឋាន, លោក ស៊ាង សំណាង ជំនួយការអមក្រសួងបរិស្ថាន និងលោក ជឺ ឈុនឡេង ជំនួយការអមក្រសួងបរិស្ថាន  បានចុះរៀបចំនិងបានបំពាក់ឡដុតសំរាម សំណល់រឹងនៅតាមទីតាំងកណត់ខាងលើ៕

ដោយ៖ សូរិយា


ចែករំលែក៖