ព័ត៌មានទាន់ហេតុការណ៍៖

ចៀសវាងបោះចោលទទេ អុីស្រាអែលប្រញាប់ចែកចាយវ៉ាក់សាំង ជាង១លានដូសនៅសល់ឱ្យប៉ាឡេស្ទីន

ចែករំលែក៖

អុីស្រាអែលនឹងចែករំលែកវ៉ាក់សាំងប្រមាណជាង១លានដូសឱ្យទៅរដ្ឋាភិបាលប៉ាឡេស្ទីនតាមកិច្ចព្រមព្រៀងចែករំលែកវ៉ាក់សាំង ប្រឆាំងកូវីដ-១៩ ។ វ៉ាក់សាំងដែលអុីស្រាអែលចែកចាយនោះគឺជិតផុតសុពលភាពហើយ ដូច្នេះត្រូវចែកចាយប្រើប្រាស់ឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេនឹងត្រូវបោះចោលមិនខាន។
សារព័ត៌មាន រ៉យទ័របានផ្សាយនៅថ្ងៃទី១៨ខែមិថុនា ថា «អុីស្រាអែល នឹងផ្តល់វ៉ាក់សាំង ១,៤លានដូស ផលិតដោយក្រុមហ៊ុន Pfizer ឱ្យរដ្ឋាភិបាលប៉ាឡេស្ទីន។ នាយករដ្ឋមន្ត្រីអុីស្រាអែល លោក Naftali Bennett និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលអុីស្រាអែលបានប្រកាសព័ត៌មានស្តីពីការចែករំលែកខាងលើ។
កិច្ចព្រមព្រៀងចែកចាយវ៉ាក់សាំង គឺជាសកម្មភាពវិជ្ជមានមួយនិងជាលើកដំបូងរបស់នាយករដ្ឋមន្ត្រីថ្មីអុីស្រាអែលលោក ណាតាលី បែនណែត(Naftali Bennett) ចាប់តាំងពីលោកឡើងកាន់តំណែង នាយករដ្ឋមន្ត្រីអុីស្រាអែលនៅថ្ងៃទី ១៣ខែមិថុនា ឆ្នាំ២០២១។
តាមការប្រកាសរបស់អុីស្រាអែល ចំនួនវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer នឹងផុតកំណត់ក្នុងពេលឆាប់ៗ ហើយការបញ្ជូនវ៉ាក់សាំងទៅឱ្យប៉ាឡេស្ទីនទទួលបានការឯកភាព ខណៈឃ្លាំងស្តុកវ៉ាក់សាំង មានគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការចាក់នៅក្នុងប្រទេសប៉ាឡេស្ទីន។
ប្រភពព័ត៌មានពីក្រសួងសុខាភិបាលប៉ាឡេស្ទីនបានបញ្ជាក់ថា ការផ្តល់វ៉ាក់សាំងខាងលើមិនបានបញ្ជាក់ថាពេលណាអុីស្រាអែលនឹងបញ្ជូនវ៉ាក់សាំងទៅកាន់ប៉ាឡេស្ទីនោះឡើយ។
អុីស្រាអែល ជាប្រទេសដែលបានចាក់វ៉ាក់សាំងដល់ពលរដ្ឋលឿនបំផុត ប៉ុន្តែប្រទេសនេះ ទទួលរងការរិះគន់យ៉ាងខ្លាំងដែលមិនបានចែកវាយវ៉ាក់សាំងដល់ពលរដ្ឋប៉ាឡេស្ទីនរស់នៅតំបន់ជេរូសាឡឹមខាងលិច ៕ដោយ៖ធីរីណា

រូបភាព៖ TTXVN


ចែករំលែក៖