ព័ត៌មានទាន់ហេតុការណ៍៖

អ្នកបើកម៉ូតូគុបជិះមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅស្រុករំដួល

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់បានជិះម៉ូតូគុបមិនប្រកាន់ស្ដាំបុកជាមួយម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចដឹកអ្នករបួសមកកាន់មន្ទីពេទ្យដើម្បីសង្គ្រោះជីវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៨ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិចំបក់កោង ឃុំ កំពង់ចក ស្រុករំដួល។

សមត្ថកិច្ចនគរបាលស្រុករំដួលបានឲ្យដឹងថាបុរសដែលស្លាប់មានឈ្មោះ សុខ សាបឿន  អាយុ ៤៥ ឆ្នាំមុខរបរកសិកររស់នៅភូមិចំបក់កោង ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ខណ:បើក ម៉ូតូម៉ាកហុងដា គុបជ្រុងសេ៥០ ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ ១S.៤៥១៣ខូចខាតយ៉ាងដំណំ។

ចំណែកអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កដឹកគោមានឈ្មោះសោម សំអាត  អាយុ ២៧ឆ្នាំ រស់នៅ ភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងរងរបួសធ្ងន់។

តាមសាក្សីបានឲ្យដឹងថាមុនពេលកើតហេតុមានបុរសម្នាក់បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដា គុបជ្រុងសេ៥០ ពណ៌ទឹកប៊ិចពាក់ស្លាកលេខ ភ្នំពេញ ១S៤៥១៣ ពីលិចទៅកើតដោយបើក
មិនប្រកាន់ស្ដាំស្រាប់តែមានម៉ូតូម៉ាកហុងដា វ៉េវ សណ្ដោងរុឺម៉ក ដឹកគោគ្មានស្លាកលេខ ទិសដៅបញ្ច្រាសគ្នាបុកយ៉ាងពេញទំហឹងបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិក៏ដូចជាអ្នកធ្វើដំណើរចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិតប៉ុន្តែអកុសលដោយបុរសឈ្មោះសុខ សាបឿន  ធ្ងន់ធ្ងរក៏បានដាច់ខ្យល់ស្លាប់គួរឱ្យសង្វេគបំផុត។

បច្ចុប្បន្នវត្ថុតាងធ្វើដំណើរទាំង២គ្រឿងសមត្ថកិច្ចវាស់វែងនិងអូសយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករំដួលដើម្បីដោះស្រាយពេលក្រោយតាមច្បាប់៕

ដោយ៖ យឹម សុថាន


ចែករំលែក៖