ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងបន្ទាន់! ក្រសួងសុខាភិបាល ប្រកាសរកឃើញវីរុសកូវីដ-១៩ បម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ៧ ករណី លើអ្នកដំណើរចូលមកកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណៈជន ទាំងអស់ឱ្យបានជ្រាបថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ប្រទេសកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ ដែលបម្លែងថ្មីប្រភេទ B.1.617-2 (Delta) ចំនួន ០៧នាក់ ដែលជាអ្នកដំណើរវិលត្រឡប់មកពីប្រទេសថៃតាមច្រកព្រំដែនកម្ពុជា-ថៃ ដែលមានដូចតទៅ ៖

១. ខេត្តបន្ទាយមានជ័យ (ចំនួន ០១នាក់)៖ – ស្ត្រីជនជាតិខ្មែរ អាយុ ២៦ឆ្នាំ មានទីលំនៅ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមាន ជ័យ ជាពលករមកពីប្រទេសថៃ (ខេត្តឈុនបូរី) មុខរបរ ៖ ជាកម្មករសំណង់ (រយៈពេល ០១ឆ្នាំ) ត្រឡប់ចូលកម្ពុជា តាមច្រកព្រំដែនអូរបីជាន់ កាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាពប៉ោយ ប៉ែត ១ ដោយដាក់ឲ្យនៅដាច់ដោយឡែកតែម្នាក់ឯង។ ២, ខេត្តឧត្តរមានជ័យ (ចំនួន ០២នាក់) ៖

– បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិគ្រើម ឃុំដា ស្រុកចិត្របូរី ខេត្តក្រចេះ • មុខរបរ កម្មករសំណង់ នៅក្រុមហ៊ុនមួយនៅក្រុងថេប (ប្រហែលជា ០៧ខែមកហើយ) ដែលតំបន់នោះ មានអ្នកកើតជំងឺកូវីដ-១៩ ច្រើន បានចូលមកកម្ពុជា តាមច្រកអូរស្មាច់ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បច្ចុប្បន្ន កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។

-បុរសជនជាតិខ្មែរ អាយុ ៣៨ឆ្នាំ មានស្រុកកំណើតនៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប * មុខរបរ ជាកម្មករសំណង់ នៅក្រុមហ៊ុននៅក្រុងថេប (ប្រហែលជា ៩ខែមកហើយ) ដែលមានអ្នកឆ្លងវីរុសកូវីដ-១៩ ច្រើន បានចូលមកកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២១ តាមច្រកអូរស្មាច់ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ ។
៣. ខេត្តសៀមរាប (ចំនួន ០២នាក់)៖ ស្ត្រីជនជាតិខ្មែរ អាយុ ៤០ឆ្នាំ មានអាស័មដ្ឋាននៅភូមិបុស្សធំ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាពលករ បានវិលត្រឡប់មកពីប្រទេសថៃ (ឈុនបូរី) តាមច្រកព្រំដែនកម្ពុជា-ថៃ មកដល់កម្ពុជានាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១ និង ស្ត្រីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានទីលំនៅនៅភូមិតាយិក ឃុំស្នូល ស្រុកក្រឡាញ់ ខេត្តសៀមរាប ជាពលករ (នៅទីក្រុងបាងកក) បានវិលត្រឡប់ចូលមកកម្ពុជានៅថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ សម្គាល់៖ បច្ចុប្បន្នអ្នកជំងឺទាំងពីរនាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ៤ខេត្តកំពង់ចាម(ចំនួន ០១នាក់) ៖
-បុរសជនជាតិខ្មែរ អាយុ ៤៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិរលាក ឃុំស្រុក ស្រុកកំពង់សៀម • ជាកម្មករសំណង់នៅក្រុងថេប ប្រទេសថៃ បានចូលមកប្រទេសកម្ពុជា តាមច្រកអូរស្មាច់ នៃខេត្តឧត្តមានជ័យ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២១។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។
ខេត្តកំពត (ចំនួន ០១នាក់)៖
-ស្ត្រីជនជាតិខ្មែរ អាយុ ១៩ឆ្នាំ មានទីលំនៅនៅក្រុងកំពត ខេត្តកំពត មកពីឈុនបូរី ប្រទេសថៃ ឆ្លងចូលមកកម្ពុជា នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ តាមច្រកព្រំដែនកម្ពុជា-ថៃ។ បច្ចុប្បន្ន កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពត តាំងពីថ្ងៃទី០៩ ខែមិថុនាឆ្នាំ២០២១។
យោងតាមលទ្ធផលខាងលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តឱ្យបាន ខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ រីឯបុគ្គលដែលតម្រូវឱ្យធ្វើចត្តាឡីស័ក ត្រូវតែគោរពតាមគោលការណ៍ការធ្វើ ចត្តាឡីស័កឱ្យគ្រប់ចំនួន ១៤ថ្ងៃ ដើម្បីទប់ស្កាត់ការចម្លងបន្តគ្នានៅក្នុងសហគមន៍ក្នុងទ្រង់ទ្រាយធំ។ មិនត្រូវមានការ ជួបជុំគ្នា ដើម្បីស៊ីផឹក ឬបង្កឱ្យមានការជួបជុំគ្នាច្រើនកុះករ ដូចជាពិធីភ្ជាប់ពាក្យ ឬពិធីបុណ្យទានអ្វីមួយ មិនត្រូវទៅ កន្លែងដែលបិទជិតៗ ប្រើម៉ាស៊ីនត្រជាក់ច្រើនពេក បន្ទប់គ្មានខ្យល់ចេញចូល និងត្រូវកាត់បន្ថយការធ្វើដំណើរចល័ត ឬនៅផ្ទះ ប្រសិនបើមិនមានភារកិច្ចចាំបាច់ត្រូវចេញក្រៅ។ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី១៨ ឆ្នាំឡើង នៅពេលដែលដល់វេន សូមចូលរួមចាក់វាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា។

ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជនអំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រហ្វេសប៊ុក និងគេហទំព័ររបស់ក្រសួង www.cdcroh.gov.kh ដែលគេហទំព័រនេះមានសម្ភារៈអប់រំសុខភាពដែលអាចទាញ យកមកប្រើប្រាស់បាន។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរស័ព្ទទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥតគិតថ្លៃ ឬទំនាក់ទំនងក្រសួងសុខាភិបាល តាមលេខទូរស័ព្ទ៖ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖