ព័ត៌មានទាន់ហេតុការណ៍៖

ចិន៖​ ក្រោយ​រុករករយៈពេល ០៦ឆ្នាំ​ ទើបរកឃើញកំណប់ប្រេង និងឧស្ម័នដ៏មហាសាល នៅក្នុង​តំបន់ស៊ីនជាំង​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន CGTN នៅព្រឹកថ្ងៃសៅរ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២១​ បានចុះផ្សាយថា​ រដ្ឋាភិបាល​ចិន​ ក្រោយកិច្ចប្រឹងប្រែងរុករករយៈពេល ០៦ឆ្នាំ​ ទើបតែបានរកឃើញវាលបណ្តូងប្រេង និងឧស្ម័នថ្មីមួយ ដែលមានចំណុះ ៩០០លានតោននៅតំបន់បាសាំង ថារីម (Tarim Basin) ក្នុងតំបន់ស៉ីនជាំង ភាគពាយព្យប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន CGTN បាននិយាយបន្ថែមថា​ ទីតាំងវាលប្រេង និងឧស្ម័នខាងលើស្ថិតនៅភាគខាងត្បូងទន្លេ Tarim និងចំកណ្តាលបេះដូងនៃវាលខ្សាច់ តាក្លាម៉ាកាន (Taklamakan) ហើយជម្រៅនៃការខួងដីនៅទីនោះគឺដល់ ៨,៤៧០ម៉ែត្រឯណោះ។ វាលខ្សាច់ Taklimakan ដែលគ្របដណ្តប់លើផ្ទៃដីសរុប ៣៣០,០០០គីឡូម៉ែត្រក្រឡា គឺជាវាលខ្សាច់ធំមួយនៅលើពិភពលោក។

សូមជម្រាបថា​ មកទល់ពេលនេះ​ វាលបណ្តូងប្រេង និងឧស្ម័ន​ សរុបច្រើនជាង ១០០កន្លែង ត្រូវបានរកឃើញនៅតំបន់វាលខ្សាច់ Taklamakan ជាមួយបរិមាណធនធានប្រេង និងឧស្ម័នប្រមាណ ១.៤ពាន់លានតោន។ ជាក់ស្ដែង​បេីគិតត្រឹមថ្ងៃព្រហស្បតិ៍ទី១៧​ មិថុនា​ថ្មីៗ​នេះ ប្រេង និងឧស្ម័នជាង ១៨១លានតោន ត្រូវបានបូមចេញពីទីតាំងថ្មីខាងលើនេះផងដែរ។គួរបញ្ជាក់ថា​ បេីយោងតាមការវាយតម្លៃចុងក្រោយបំផុត បរិមាណសរុបនៃធនធានប្រេង និងឧស្ម័នដែលស្ថិតនៅក្រោមនោះ គឺជាង ១៦.១ពាន់លានតោន នាំឲ្យវាជាកន្លែងស្តុកប្រេង និងឧស្ម័នធំបំផុតនៅប្រទេសចិន៕

ដោយ៖ស​ តារា


ចែករំលែក៖