ខេត្តស្វាយរៀង៖ នៅយប់ថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១រដ្ឋបាលខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ-១៩ ចំនួន៦៩នាក់ជាសះស្បើយ៨២នាក់និងមានអ្នកជំងឺកូវីដ-១៩ម្នាក់ស្លាប់ តាមសេចក្ដីប្រកាសក្រសួងសុខាភិបាលថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀង ក៏បានអំពាវនាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ ឬប្រយោលជាមួយអ្នកជំងឺកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល១៤ថ្ងៃ ដើម្បីតាមដានសុខភាព ក្នុងករណីមានអាការខុសប្រក្រតី ត្រូវផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងរួសរាន់ទៅយកវត្ថុវិភាគសំណាក។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តស្វាយរៀង រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន១៥០៥នាក់ស្រី៨៦៨នាក់, ជាសះស្បើយ ចំនួន១០០៨នាក់(ស្រី៥៨១) កំពុងសម្រាកព្យាបាល ចំនួន៤៨៧នាក់(ស្រី២៨៥នាក់) និងស្លាប់ចំនួន១០នាក់(ស្រី៣នាក់)។
រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថាសូមបងប្អូនតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោ ហ៊ុន សែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ ដែលមានទីតាំងនៅជិតផ្ទះ ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត📞088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។
សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ ៕
ដោយ៖ យឹម សុថាន