ព័ត៌មានទាន់ហេតុការណ៍៖

មូលហេតុដែល កញ្ញាឯកចក្រវាឡកម្ពុជា រ៉េត សារីតា ពន្យារពេលវិលត្រឡប់មកកម្ពុជា

ចែករំលែក៖

សហរដ្ឋអាមេរិក៖ កញ្ញា រ៉េត សារីតា កញ្ញាឯកចក្រវាឡកម្ពុជា២០២០ ដែលបានធ្វើដំណើរចេញទៅប្រកួតកម្មវិធីសម្រស់អន្តរជាតិធំជាងគេនៅសហរដ្ឋអាមេរិកចាប់តាំងពីអំឡុងចុងខែមេសាឆ្នាំ២០២១។ នាងនៅមិនទាន់បានវិលត្រឡប់មកកាន់ទឹកដីកំណើតវិញឡើយ ដែលនេះខុសពីការគ្រោងទុកថានាងនឹងធ្វើដំណើរមកមាតុប្រទេសនាអំឡុងចុងខែឧសភាឆ្នាំ២០២១។ 

  មុននេះតាមការអះអាងរបស់អ្នកគ្រប់គ្រង់ការផលិតកម្មវិធីកញ្ញាឯកចក្រវាឡកម្ពុជា បានលើកឡើងថា រ៉េត សារីតា ត្រូវវិលត្រឡប់មកកាន់មាតុប្រទេសវិញនៅចុងខែឧសភា ឆ្នាំ២០២១នេះពោលគឺក្រោយពីបញ្ចប់ការជប់លៀងធំមួយដែលត្រូវបានពលរដ្ឋខ្មែររស់នៅរដ្ឋ Florida រៀបចំជូននោះ។ ប៉ុន្តែរហូតមកដល់ពេលនេះនាងនៅមិនទាន់វិលវិញតាមការកំណត់នៅឡើយ។ មូលហេតុនៅពីក្រោយការពន្យារពេលមកកាន់ប្រទេសកម្ពុជាគឺក្រោយពីនាងត្រូវរងចាំប្អូនប្រុសពៅដែលកំពុងសិក្សានៅទីនោះបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ដែលប្អូនប្រុសពៅរបស់នាងមានឈ្មោះChristoកំពុងរស់នៅក្នុង សហរដ្ឋអាមេរិកនោះតែម្តង។ 

  ថ្មីៗនេះដែរតាមរយៈគណនីយហ្វេសប៊ុកផ្លូវការរបស់កម្មវិធី កញ្ញាឯកចក្រវាឡកម្ពុជា ក៏បានបញ្ចេញវីដេអូថ្មីរបស់ សារីតា អំពីនាងប្រកាសចូលរួមក្នុងកម្មវិធីជប់លៀងជួបជុំពលរដ្ឋខ្មែរ នៅរដ្ឋ Road Iland ថ្ងៃទី១៩ ខែមិថុនាឆ្នាំ២០២១នេះផងដែរ ។ 

  គេចាំបានដែរថា កញ្ញាឯកចក្រវាឡកម្ពុជា២០២០កញ្ញា រ៉េត សារីតា បានចាកចេញពីកម្ពុជាកាលពីថ្ងៃទី២៣ ខែមេសាឆ្នាំ២០២១ ។ នាងបានធ្វើដំណើរទៅកាន់ទីក្រុង Losangilest រយៈពេល២ថ្ងៃដើម្បីជួបបងប្អូន និងសមាគមខ្មែរនៅសហរដ្ឋអាមេរិក  មុនពេលចេញទៅកាន់រដ្ឋFlorida ដែលជាទីកន្លែងប្រកួតកម្មវិធីកញ្ញាឯកចក្រវាឡ២០២០លើកទី៦៩នោះ។ នាងទទួលបានការស្វាគមន៍យ៉ាងច្រើនកុះករពីសំណាក់ប្រជាជនខ្មែររស់នៅសហរដ្ឋអាមេរិក ហើយនាងក៏ជាបេក្ខភាពប្រកបដោយសក្កដានុពលសម្រាប់កម្ពុជាផងដែរបើទោះបីជានាងមិនទទួលបានជ័យលាភីណាមួយក៏ដោយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖