ព័ត៌មានទាន់ហេតុការណ៍៖

ផលិតកម្មSastra Film រងការរិះគន់លើសម្លៀកបំពាក់តួអង្គសិស្សសាលា

ចែករំលែក៖

ភ្នំពេញ៖ ស្នាដៃផលិតភាពយន្តរបស់ Sastra Film ទទួលបានការពេញចិត្ត និងគាំទ្រច្រើនពីទស្សនិកជនក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទោះជាយ៉ាងណាថ្មីៗនេះអនុប្រធានក្រុមព្រះសូរិយា លោក វីរៈ វ៉ារ៉ានី ក៏បានចេញមុខរិះគន់ក្នុងន័យស្ថាបនាទៅកាន់ផលិតកម្មខាងលើ ត្រង់ការប្រើប្រាស់សម្លៀកបំពាក់តួអង្គសិស្សសាលា ក្នុងភាពយន្តថ្មីមួយរបស់ខ្លួនគឺរឿង “មេឃខៀវ” ។ 

លោក វីរៈ វ៉ារ៉ានី បានលើកឡើងថា” សូមចូលរួមមតិតិចតួចដល់ផលិតករមួយចំនួន  ក្នុងនាមខ្ញុំជាទស្សនិកជនមួយរូប  ខ្ញុំបានតាមដាននិងសង្កេតរាល់ស្នាដៃកុនខ្មែរដែលកំពុងផលិតក្នុងបច្ចុប្បន្នភាពសព្វថ្ងៃ  ឃើញថាមានការរីកចម្រើនជាលំដាប់ចំពោះការថត  តែថ្ងៃនេះខ្ញុំប្រទះឃើញដោយចៃដន្យនូវវណ្ណកម្មថ្មីមួយរបស់ក្រុមហ៊ុនថតភាពយន្តក្នុងស្រុកមួយ។លោកថា” ខ្ញុំនិយាយតាមត្រង់  ខ្ញុំមើលមួយភ្លែតស្មានតែជាកុនបរទេស  ដោយឃើញសម្លៀកបំពាក់របស់តួអង្គ  ដល់មើលយូរទៅទើបដឹងថាជាកុនខ្មែរសោះ។ ចំណុចដែលឃើញខុសប្រក្រតីនោះគឺ  សម្លៀកបំពាក់  ម៉ូតសក់តែម្តង។ តើសិស្សនេះជាសិស្សសាលារដ្ឋ  រឺសាលាឯកជន? បើសិនជាសាលាឯកជន  ស្រុកយើងពុំសូវមានសិស្សសាលាស្លៀកខោខ្លីបែបនេះដែរ តែបើសាលារដ្ឋវិញ  គឺខុសពីភាពពិតច្រើន។លោកបន្តថា ស្រុកខ្មែរយើងតាំងពីដើមរៀងមក  យុវជនក្នុងកម្រិតអនុវិទ្យាល័យ ឬ វិទ្យាល័យ  មិនត្រូវបានអនុញ្ញាតឱ្យស្លៀកខោបែបនេះទៅរៀនទេ  មានតែប្រទេសថៃទើបស្លៀកបែបនេះ។  តែបើក្មេងៗរៀននៅមតេយ្យសិក្សា  ឬបឋមសិក្សា  ពិតជាស្លៀកខោខ្លីបែបនេះមែន តែដល់ថ្នាក់អនុវិទ្យាល័យ  សង្គមយើងពុំអនុញ្ញតឱ្យសិស្សប្រុសចូលរៀនស្លៀក  ខោខ្លីចូលរៀនទេ។ រឿងពិតមួយ  សម្រាប់ខ្លួនខ្ញុំផ្ទាល់  កាលខ្ញុំរៀននៅថ្នាក់អនុវិទ្យាល័យ  ខ្ញុំធ្លាប់ស្លៀកខោខ្លីបែបនេះទៅរៀនម្តង ត្រូវគ្រូប្រដៅថាហាមស្លៀកខោខ្លីបែបនេះមករៀន។ លោកលើកឡើងដែរថាសម្លៀកបំពាក់នេះគាត់គ្រាន់តែស្លៀកដើរលេង  នោះជាការណ៍មួយផ្សេងតាមការនិយមរបស់គេ  តែក៏មើលមួយភ្លែតឃើញថាជាលក្ខណៈស្ទាយ៍របស់ប្រទេសជិតខាងយើងដែរ។ សូមចូលរួមយោបល់ប៉ុណ្ណឹង  កុំថាខ្ញុំជ្រុលនិយម  តែនេះជាតថភាពសង្គម  កុនគឺឆ្លុះបញ្ចាំងពីសង្គម  មិនអាចប្រាសចាកពីសង្គមនោះទេ។ កុនបង្ហាញពីអ្វីគ្រប់សព្វនៃសង្គមមួយមាន  បើធ្វើខុសពីសង្គមពិតនោះប្រាកដជាទៅជារឿងផ្សេងទៀត បាន។ លោកបន្តថា សូមមេត្តាកុំគិតថា  សម្លៀកបំពាក់  កាយវិការ  ពាក្យសម្តីមិនសំខាន់សម្រាប់ការកសាងកុនមួយឱ្យសោះ  កត្តាទាំងនោះគឺជាការណ៍សំខាន់ដែលនាំអោយអ្នកទស្សនាយល់  និងឆ្លុះបញ្ចាំងពីភាពយន្តទាំងនោះ។ ខ្ញុំទិទៀននេះក្នុងន័យស្ថាបនាតែប៉ុណ្ណោះ  ពុំមានចេតនាអ្វីផ្សេងឡេីយ។ សារនេះភ្ជាប់ដោយរូបភាពPoster នៃការផ្សព្វផ្សាយភាពយន្តខាងលើ និងភ្ជាប់ដោយរូបថតគំរូនៃឯកសណ្ឋានសិស្សសាលាដែលស្របតាមការកំណត់របស់ក្រសួងអប់រំយុវជននិងកីឡា។លេចចេញមិតិគាំទ្រជាច្រើនជុំវិញការលើកឡើងខាងលើនេះប៉ុន្តែគេនៅមិនទាន់ឃើញមានប្រតិកម្មតប ឬការបញ្ជាក់ណាមួយទៅកាន់ការលើកឡើងខាងលើនេះនៅឡើយ៕ 

ដោយ ៖ វឌ្ឍនា


ចែករំលែក៖