ព័ត៌មានទាន់ហេតុការណ៍៖

ធ្វើដូចសង្គមគ្មានច្បាប់ ក្រុមកាងឆ្នោតវៀតណាម មួយក្រុមកំពុងប្រើឈ្មោះថ្នាក់ដឹកនាំ សមត្ថកិច្ច ប៉ូលិស,អហ ខេត្តត្បូងឃ្មុំមកប្រើប្រាស់ ដើម្បីគំរាមកូនកញ្រ្ចែងឱ្យកត់លក់ឱ្យក្រុមខ្លួន !

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ ប្រភពច្បាស់ការណ៍បានប្រាប់ថា នៅតែដដែល ក្រុមជនស្លៀកពាក់ស៊ីវិលដែលដឹកនាំដោយជន ឈ្មោះ វុិត និងឈ្មោះ វុឹង ហៅទី កំពុងដឹកនាំមនុស្សរបស់ខ្លួនដើរអុកឡុក តាមផ្ទះឬទីប្រជុំជនផ្សារ ដែលមានកត់ឆ្នោត វៀតណាម ដេញចាប់ឆែកទូរស័ព្ទផង ចរចាផងគំរាមកំហែងផង ដើម្បីឱ្យអ្នកកត់វៀតណាមត្រូវតែលក់ឱ្យក្រុមខ្លួន បើមិនលក់អោយទេគេបញ្ជាអោយសមត្ថកិច្ចចាប់ ដោយពួកគេបាន ប្រើឈ្មោះថ្នាក់ដឹកនាំ និងសមត្ថកិច្ច កម្លាំងប៉ូលិស កម្លាំង អាវុធហត្ថខេត្ត មកប្រើប្រាស់ ក្នុងគោលបំណងឱ្យ អ្នកកត់ឆ្នោតនោះ កត់បានលុយរួចបោះមកមេពួកគេ ។

តាមប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានប្រាប់ដឹងថា ក្រុមនេះមានចំនួន៤ទៅ៥នាក់ រថយន្ត៣គ្រឿង (ឡានហាំមើពណ៌លឿងអត់ស្លាកលេខ,ឡានព៌ណក្រហមអត់ស្លាកលេខ និងឡានតូយ៉ូតាពណ៌ស ស្លាកលេខ ភ្នំពេញ_2BK9100) ប្រភពព័ត៌មានមួយទៀតបានប្រាប់អោយដឹងថា ក្រុមឡាន(ហាំមើលឿង)នេះជាកូនចៅ ឧកញ៉ាម្នាក់មកពីភ្នំពេញ ។

ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋបានបញ្ជាក់ប្រាប់អោយដឹងដែរថា, ក្រុមនេះបានដើរគ្រប់ទីប្រជុំជនឃុំស្រុក ពិសេស ស្រុកត្បូងឃ្មុំ ស្រុកមេមត់ ស្រុកអូររាំងឪ និងក្រុងសួង ហើយក្រុមនេះបានអោយសមត្ថកិច្ចមូលដ្ឋានហៅអ្នកកត់ឆ្នោតវៀតណាមខុសច្បាប់ មកចរចាផងគំរាមផង ត្រូវតែលក់អោយខ្លួន ប្រសិនបើមិនព្រមកត់លក់ឲ្យពួកគេនោះទេ និងបញ្ជាឲ្យសមត្ថកិច្ចធ្វើការបង្រ្កាបទីតាំងនេះភ្លាម ។ដោយពួកគេអះអាងថា, មានអាជ្ញាប័ណ្ណ ឆ្នោតជាតិ(Keno online)របស់អ្នកឧកញ៉ា គិត ម៉េង អាចជាគំនិតទុច្ចរិតធ្វើអោយប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរអ្នកឧកញ៉ា គិត ម៉េង ត្រូវតែមានការស្រាវជ្រាវផងដែរ។ ប៉ុន្តែចរចាគំរាមឱ្យគេលក់ឆ្នោតវៀតណាម ខុសច្បាប់ឱ្យខ្លួនទៅវិញ ខណៈដែលប្រទេសកម្ពុជាមិនដែលមានច្បាប់ អនុញ្ញាតិឱ្យមាន អាជ្ញាប័ណ្ណឆ្នោតវៀតណាមខុសច្បាប់ នោះទេ ពិសេសជាប្រភពបង្កើតអោយមានបទល្មើសក្នុងសង្គម ។
តាមប្រភពច្បាស់ការក៏បានបញ្ជាក់អោយដឹងថា ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមកាងឆ្នោតខាងលើបានអោយស្រ្តី ឈ្មោះ ណាវី ដើរគំរាមប្រមូលកូនកញ្រ្ចែងក្នុងទឹកដីឃុំទន្លេបិទ មកចរចាផងគំរាមថាត្រូវតែលក់អោយមេខ្លួនបើមិនធ្វើតាម គេនិងអោយសមត្ថកិច្ចចាប់ ដោយពួកគេថាស្គាល់ថ្នាក់ដឹកនាំជាន់ខ្ពស់នគរបាលនិងកងរាជអាវុធហត្ថខេត្ត ។
ហើយក្រុមជនអនាធិបតេយ្យនេះគេតែងធ្វើរបៀបនេះគ្រប់បុស្តិ៍និងតំបន់ ។ ប៉ុន្តែករណីគួរស្រាវរកការពិត។
ត្រង់នេះពិតទេ បើសមត្ថកិច្ចត្រូវធ្វើតាមបញ្ជាមនុស្សមួយក្រុមនេះមែន ហើយគ្មានវិជ្ជាជីវៈភារៈកិច្ចការងារ មេកើយ លើសាមីអង្គភាពសមត្ថកិច្ចខ្លួននោះនៅឯណា ?

ពាក់ព័ន្ធនិងករណីនេះលោកឧត្តមសេនីយ៍ទោ ម៉ុន ម៌ាគា ស្នងការនគរបាលខេត្តត្បូងឃ្មុំបានមានប្រសាសន៍អោយភ្នាក់ងារយើងអោយដឹងថា “អោយអ្នករាយការណ៍ដាក់ពាក្យបណ្ដឹងមកប្អូន សូមអរគុណ” ប៉ុន្តែលោកបានបញ្ជាក់ថា “យើងស្រាវជ្រាវហើយ មានសាក្សីត្រឹមត្រូវ បានអនុវត្តន៍ច្បាប់បាន តែនូវមានសង្ឃឹម ក្នុងបទល្មើសជាក់ស្ដែងប្អូន”។

ចំណែកជនពាក់ព័ន្ធប៉ុន្មានអ្នកខាងលើភ្នាក់ងារបានទំនាក់ទំនងភ្ជាប់ប្រព័ន្ធសារតាមតេឡេក្រាមដើម្បីសុំការពន្យល់តែពួកគេមិនឆ្លើយតប ។

ជុំវិញករណីនេះមជ្ឈដ្ឋានប្រជាពលរដ្ឋដាក់ចម្ងល់ថា ហេតុអ្វីក្រុមជនអនាធិបតេយ្យដើរកាងឆ្នោតវៀតណាមអុកឡុកក្នុងមូលដ្ឋានមានមុខសញ្ញាប៉ុណ្ណេះហើយ នៅតែសមត្ថកិច្ចមិនមានវិធានការបង្រ្កាបទៀតមិនតែប៉ុណ្ណោះថែមទាំងយកឈ្មោះសមត្ថកិច្ចទៅគំរាមអ្នកកត់ឆ្នោតវៀតណាមថែមទៀត ?

ករណីនិងក្រុមអនាធិបតេយ្យដើរអុកឡុកក្នុងសង្គមខាងលើនេះពលរដ្ឋក្នុងមូលដ្ឋានសូមសំណូមពរដល់ លោក ជាម ចន្ទសោភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ មេត្តាមានចំណាត់ការទៅអាជ្ញាធរ និងសមត្ថកិច្ច អោយមានវិធានតាមច្បាប់ចំពោះក្រុមនេះផង ព្រោះបច្ចុប្បន្នកំពុងតែបង្កភាពអនាធិបតេយ្យក្នុងខេត្តត្បូងឃ្មុំនេះខ្លាំងណាស់ មិនត្រូវទុកអោយមានសកម្មភាពនេះកើតមានឡើងឡើយ ទាំងអ្នកកត់ឆ្នោត ទាំងគម្រាមគេ អោយកត់អោយខ្លួន ត្រូវចាត់វិធានការតាមផ្លូវច្បាប់ ខណ:ក្រុមនេះបង្កើតអោយបទល្មើសមានក្នុងមូលដ្ឋាន៕

ដោយ៖ អ្នកប្រមាញ់


ចែករំលែក៖