ខេត្តព្រៃវែង៖ យ៉ាងហោចណាស់មនុស្សចំនួន ៤នាក់បានស្លាប់ជាបន្ដបន្ទាប់ សង្ស័យពុលស្រាសស្រាថ្នាំ នៅក្នុងភូមិយោត ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។ នេះបើតាមការបញ្ជាក់ពីលោក ហ៊ី ធួក អភិបាលស្រុកពារាំង កាលពីរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ។
អភិបាលស្រុកពារាំង បានបន្តថា ជនរងគ្រោះទាំង ៤នាក់ដែលស្លាប់ខាងលេីនេះ ទី១ឈ្មោះ ឆួន ពៅ ភេទប្រុស អាយុ៥៣ឆ្នាំ ,ទី២ឈ្មោះ សឺន ផន ភេទប្រុស អាយុ៣១ឆ្នាំ ,ទី៣ឈ្មោះ ចយ ភេទប្រុស អាយុ៤៥ឆ្នាំ ,និងទី៤ឈ្មោះ ហ៊ាន ណេន ភេទប្រុស អាយុ៤៧ឆ្នាំ។
លោក ហ៊ី ធួក បានបន្ថែមទៀតថា ហេតុការណ៍ខាងលេីនេះ បានកេីតឡេីងកាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានជនរងគ្រោះម្នាក់បានស្លាប់ពេលក្រុមគ្រួសារបញ្ជូនមកដល់មន្ទីរពេទ្យ ចំណែកជនរងគ្រោះ៣នាក់ផ្សេងទៀត គឺបានស្លាប់នៅនឹងផ្ទះរបស់ពួកគាត់។ ចំពោះមូលហេតុនៃការស្លាប់របស់ជនរងគ្រោះទាំង៤នាក់ខាងលើនេះ ក្រោយកេីតហេតុភ្លាមៗ សមត្ថកិច្ចនិងមន្រ្តីជំនាញសុខាភិបាល កំពុងតែចុះស្រាវជ្រាវ ប៉ុន្តែរហូតមកដល់ពេលថ្ងៃនេះ គេនៅមិនទាន់អាចបញ្ជាក់បាននៅឡើយទេ គឺគ្រាន់តែសង្ស័យថា ជាករណីពុលស្រា ដោយសារមុនស្លាប់ជនរងគ្រោះទាំងអស់សុទ្ធតែបានផឹកស្រាស និងស្រាថ្នាំដូចគ្នា។
លោកអភិបាលស្រុករូបនេះ បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នទីតាំងផលិតស្រាស និងលក់ស្រាសស្រាថ្នាំទាំងអស់ក្នុងតំបន់កេីតហេតុនោះ ត្រូវបានបិទអស់ហើយ ហើយមន្រ្តីជំនាញសុខាភិបាល ក៏បានប្រមូលយកសំណាកគំរូស្រាសស្រាថ្នាំដែលជនរងគ្រោះបានផឹក យកទៅពិនិត្យរួចហើយដែរ ដូច្នេះនៅពេលដែលលទ្ធផលចេញមក យើងនិងដឹងច្បាស់ថា ជនរងគ្រោះទាំង៤នាក់នេះ គឺស្លាប់ដោយសារមូលហេតុអ្វីហើយ។
ដោយឡែកជុំវិញករណីនេះដែរ ប្រធានការិយាល័យប្រតិបត្តិសុខាភិបាលស្រុកពារាំង លោកវេជ្ជបណ្ឌិត ហួត កណ្យាណ បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែមិថុនានេះថា៖ ចំពោះជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិតនៅភូមិយោត ឃុំមេសរប្រចាន់នោះ ក្រុមគ្រូពេទ្យជំនាញបានចុះទៅពិនិត្យរួចហើយ ជំហានដំបូងគឺយេីងពិនិត្យរកមេរោគកូវីដ-១៩ជាមុនសិន ដើម្បីកុំឱ្យប្រជាពលរដ្ឋនៅតំបន់នោះមានការព្រួយបារម្ភ ប៉ុន្តែក្រោយធ្វើតេស្តរួចលទ្ធផលបង្ហាញថា៖ ជនរងគ្រោះទាំងអស់ គឺអវិជ្ជមាន។
ក្រោយកេីតហេតុ ក្រុមគ្រូពេទ្យក៏បានយកសំណាកស្រា ដែលជនរងគ្រោះបានផឹក បញ្ជូនទៅពិនិត្យនៅក្នុងមន្ទីរពិសោធន៍ឯរាជធានីភ្នំពេញ ដើម្បីពិនិត្យបញ្ជាក់ឱ្យច្បាស់ថា តើជនរងគ្រោះពិតជាស្លាប់ដោយសារពុលស្រា មែនឬមិនមែន? ប៉ុន្តែពេលនេះ លទ្ធផលពិនិត្យមិនទាន់ចេញនៅឡើយទេ៕ដោយ៖សហការី