ភ្នំពេញ៖ បន្ទាប់ពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីកន្លងទៅថ្មីៗនេះឱ្យរុះរើបែចិញ្ចឹមត្រី ផែដាយត្រី ផ្ទះបណ្តែតទឹក សំណង់មិនរៀបរយនៅលើច្រាំងទន្លេ ពេលនេះសូម្បីស្នាក់ការនៅលើទឹករបស់អធិការដ្ឋានជលផលចតុមុខ ក៏ត្រូវបានរុះរើចេញអស់ហើយដែរ។
ជាក់ស្ដែងបេីតាមការបញ្ជាក់ពីនាយខណ្ឌរដ្ឋបាលជលរាជធានីភ្នំពេញ លោក ងិន ឌី បានថ្លែងឱ្យដឹងនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១នេះថា៖ បែចិញ្ចឹមត្រី ផែដាយត្រី និង ក្បូនឬស្សីនៅ តាមដងទន្លេសាបក្នុងភូមិសាស្ត្រខណ្ឌឬស្សីកែវ បានចាកចេញអស់ហើយនៅព្រឹកមិញនេះ។
នាយខណ្ឌរដ្ឋបាលជលរូបនេះ ថ្លែងបន្តថា មិនមែនតែបែ ចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក និង សំណង់មិនរៀបរយនៅលើច្រាំងទន្លេទេដែលបាន រុះរើចេញ សូម្បីតែស្នាក់ការ របស់ផ្នែកជលផលឬស្សីនិងស្នាក់ការលើទឹករបស់អធិការដ្ឋានជលផលចតុមុខ ក៏ត្រូវបានរុះរើចេញអស់ហើយដែរ ដោយឡែកសំណង់មិនរៀបរយលើច្រាំងទន្លេ កំពុងត្រូវបានគេរុះរើសម្អាតដោយខ្លួនគេ។
គួរជម្រាបថា កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ជ្រាបថា៖ កន្លងមកមានជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែ ចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ ហើយ កន្លែងខ្លះបានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ ដែលបង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ប៉ះពាល់ដល់ផ្លូវនាវាចរណ៍ ប៉ះពាល់ដល់ប្រព័ន្ធ អេកូឡូហ្ស៊ី មានចរន្តទឹកហូរ គោក រាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹម ត្រី និងការបញ្ចេញកាកសំណល់ ការបន្ទោរបង់ពាសវាលពាសកាលក្នុងទន្លេធ្វើឱ្យ ខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ជីវៈចម្រុះក្នុងទឹកខូចគុណភាពទឹកបំពុលបរិស្ថាន និង ប៉ះពាល់ដល់សោភ័ណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាព នៃ ប្រជាពលរដ្ឋដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ។
ចំពោះមុខ ដើម្បីរក្សាបរិស្ថានជីវៈចម្រុះគុណភាពទឹក និងលុបបំបាត់បាតុភាព អសកម្មខាងលើរដ្ឋបាលរាជធានីភ្នំពេញ តម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬ ចល័តចេញជាបន្ទាន់ដោយទុករយៈពេល០១ ( មួយ ) សប្ដាហ៍ គិតចាប់ពីកាល បរិច្ឆេទចេញសេចក្តីជូនដំណឹងនេះតទៅ ។
ផុតរយៈពេលនេះរដ្ឋបាលរាជធានី ភ្នំពេញ នឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬ ការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូសអាជ្ញាធរមូលដ្ឋាន និងមន្ត្រី ជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់ ។ ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានី ភ្នំពេញស្នើបងប្អូនប្រជាពលរដ្ឋប្តូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែ លើផ្ទៃទន្លេនៅភូមិសាស្ត្ររាជធានីភ្នំពេញ មកចិញ្ចឹមត្រីតាមស្រះវិញ ។
ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និង សាធារណជនជាពិសេសម្ចាស់បែចិញ្ចឹមត្រីម្ចាស់ផ្ទះបណ្តែតទឹកម្ចាស់ផ្ទះតូចៗ និង ម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទន្លេទាំងអស់នឹងចូលរួមអនុវត្តតាមខ្លឹមសារ សេចក្តីជូនដំណឹងនេះ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួម របស់រាជធានីភ្នំពេញ៕ដោយ៖សហការី