ព័ត៌មានទាន់ហេតុការណ៍៖

ឆក់កាបូបគេបានសម្រេចហើយ គេចខ្លួនបាន១ថ្ងៃត្រូវសមត្ថកិច្ចតាមឃាត់ខ្លួនបាន២នាក់មកវិញ

ចែករំលែក៖

ភ្នំពេញ​៖​ ជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងបានធ្វេីសកម្មភាពឆក់យកកាបូបលុយពីស្ត្រីម្នាក់បានសម្រេច​កាលពីវេលាម៉ោង២០យប់​ ថ្ងៃទី២០ ខែមិថុនា​ ឆ្នាំ២០២១​ នៅចំណុចមុខផែស្ងួតតេងឡាយ​ តាមបណ្តោយមហាវិថីឈ្នះ=ឈ្នះ​ ក្នុងភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ ហេីយព្យាយាមគេចខ្លួនបាត់​។ លុះមកដល់វេលាម៉ោង១៧​ និង៣០នាទីល្ងាចថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១​ ជនសង្ស័យបានជិះម៉ូតូបម្រុងធ្វេីសកម្មភាពទៀតក៏ជួបកម្លាំងល្បាត​ធ្វើឱ្យមានការភិតភ័យ ហើយព្យាយាមជិះម៉ូតូគេចខ្លួនតែត្រូវសមត្ថកិច្ចដេញប៉ផាប់ចាប់ពភីងរហូតឃាត់បានជនសង្ស័យ២នាក់។
ជនសង្ស័យទី១-ឈ្មោះអេង​ វ៉ាន់ជា​ ភេទប្រុស អាយុ២៨ឆ្នាំ​ មុខរបរកម្មករសំណង់​ ស្នាក់នៅភូមិជង្រុក​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។
ទី២-ឈ្មោះរ៉េត​ ចាន់ណា​ ភេទប្រុសអាយុ២៦ឆ្នាំ​ មុខរបរកម្មករលេីកបេតុង​ ស្នាក់នៅភូមិជម្ពូវ័ន​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​។
ចំណែកជនរងគ្រោះឈ្មោះហាន់​ សូដានី​ ភេទស្រី អាយុ៥១ឆ្នាំ​ មុខរបរលក់ដូរ​ ស្នាក់នៅភូមិសាមគ្គី​ សង្កាត់ត្រពាំងក្រសាំង​ ខណ្ឌពោធិ៍សែនជ័យ​។
សម្ភារដែលបាត់បង់មាន​ទូរស័ព្ទម៉ាកសាំសុង១គ្រឿង​ លុយចំនួន៤៨០.០០០រៀល​ ។
តាមប្រភពព័ត៌មាន​បានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះបានជិះម៉ូតូតាមដងមហាវិថីឈ្នះ=ឈ្នះ​ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យចំនួន៤នាក់ជិះម៉ូតូ២គ្រឿង​ ដោយមួយគ្រឿងម៉ាកនិច​ និងមួយគ្រឿងទៀតម៉ាកហុងដាសង់ប៊ិកមកធ្វេីសកម្មភាពឆក់យកកាបូបស្ពាយពីស្ត្រីរងគ្រោះបានសម្រេចហេីយគេចខ្លួនបាត់អស់​ទៅ ។
ក្រោយកេីតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលត្រពាំងក្រសាំងដេីម្បីសុំកិច្ចអន្តរាគមន៍។
លុះមកដល់ថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២១​ កម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំង​ បានល្បាតនៅកន្លែងងាយរងគ្រោះ ខណៈមកដល់មុខផ្សារបឹងបៃតង ស្រាប់តែប្រទះឃេីញជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកនិច​ ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1IA 2793។ ដោយមានការសង្ស័យកម្លាំងសមត្ថកិច្ចក៏ហៅឱ្យឈប់ដេីម្បីត្រួតពិនិត្យ​ ភ្លាមនោះជនសង្ស័យ២នាក់មិនឈប់ឡើយហើយបានព្យាយាមគេចខ្លួន តែត្រូវសមត្ថកិច្ចដេញចាប់បានម្នាក់​ ដោយឡែកម្នាក់ទៀតបន្តជិះម៉ូតូគេចខ្លួនរហូតមកដល់ជិតប៉ុស្តិ៍នគរបាលចោមចៅទី៣​ ទេីបសមត្ថកិច្ចដេញចាប់បានតែម្តង។នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា​ ខ្លួនពិតជាបានធ្វេីសកម្មភាពឆក់យកកាបូបស្ត្រីរងគ្រោះប្រាកដមែន​ ទេីបសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការបន្ត៕

ដោយ៖សុខ ខេមរា


ចែករំលែក៖