ព័ត៌មានទាន់ហេតុការណ៍៖

លោក ប្រាក់ សុខុន អញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូ«កិច្ចប្រជុំអាស៊ី​-អឺរ៉ុប​(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ»

ចែករំលែក៖

ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅ​ក្នុង​ពិធីបើកនៃ​កិច្ចសន្ទនាគោលនយោបាយជាន់ខ្ពស់ ស្ដីពី «កិច្ចប្រជុំអាស៊ី​-អឺរ៉ុប​(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្ដូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមធ្វើ​ឡើង​ជាទំរង់​រូបវ័ន្ត និង​តាមរយៈ​ប្រព័ន្ធវីដេអូ​​។​

តាមការអញ្ជើញរបស់លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមតាមប្រព័ន្ធវីដេអូនៅក្នុងពិធីបើកនៃកិច្ច សន្ទនាគោលនយោបាយជាន់ខ្ពស់ ស្តីពី «កិច្ចប្រជុំអាស៊ី-អឺរ៉ុប(ASEM) ក្នុងគម្រប់ខួប២៥ឆ្នាំ៖ ការ ពង្រឹងភាពជាដៃគូអាស៊ី-អឺរ៉ុប នៅក្នុងពិភពលោកដែលកំពុងផ្លាស់ប្តូរ» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ ទី២២ ខែមិថុនា ឆ្នាំ ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាមធ្វើឡើងជាទំរង់រូបវ័ន្ត និង តាមរយៈប្រព័ន្ធវីដេអូ។ លោកឧបនាយករដ្ឋមន្រ្តី នឹងអញ្ជើញធ្វើជាវាគ្មិនកិត្តិយសនៅក្នុងពិធី បើកកិច្ចសន្ទនាខាងលើនេះ ជាមួយនឹងឯកឧត្តម ប៊ូយ ថាញ់សឺន លោក Josep Borrell តំណាង ជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការ អឺរ៉ុប លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេសសិង្ហបុរី និង លោក Sergey V. Lavrov រដ្ឋមន្ត្រីការបរទេសនៃសហព័ន្ធរុស្ស៊ី ផងដែរ។

សុន្ទរកថាគន្លឹះរបស់ លោកឧបនាយករដ្ឋមន្ត្រី នឹងផ្តោតលើដំណើរការនៃការប្រព្រឹត្តទៅ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបតាំងពីការបង្កើតឡើងនៅឆ្នាំ១៩៩៦ តួនាទីរបស់កិច្ចប្រជុំនេះជាគ្រឹះ មួយក្នុងចំណោមគ្រឹះនានានៃអភិបាលកិច្ចសកល ការធ្វើឱ្យប្រសើរឡើងវិញនូវពហុភាគីនិយមដើម្បី ដោះស្រាយបញ្ហាប្រឈមសកលដូចជាវិបត្តិកូវីដ-១៩ និងផលប៉ះពាល់របស់ជំងឺនេះទៅលើវិស័យ សេដ្ឋកិច្ច-សង្គម ជាដើម។ ក្នុងន័យនេះ មូលបទនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ដែលកម្ពុជា បានដាក់ចេញ «ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួមគ្នា» គឺពិតជាមានភាពពាក់ព័ន្ធជាងពេល ណាៗទាំងអស់។ លោកឧបនាយករដ្ឋមន្ត្រី ក៏នឹងចែករំលែកចក្ខុវិស័យរបស់លោកលើអនាគត របស់ ASEM នៅឆ្នាំខាងមុខផងដែរ ជាពិសេស គឺកិច្ចសហប្រតិបត្តិការពហុវិស័យរបស់ ASEM ដើម្បីសន្តិភាព និងការអភិវឌ្ឍនៅអាស៊ី និងអឺរ៉ុប។
ក្នុងការរំលឹកខួប២៥ឆ្នាំនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប កិច្ចសន្ទនាជាន់ខ្ពស់នេះ នឹងផ្តល់នូវកាលានុវត្ត ភាព សម្រាប់ដៃគូ ASEM និងភាគីពាក់ព័ន្ធទាំងអស់ដើម្បី (១)ឆ្លុះបញ្ចាំងពីសមិទ្ធផលរបស់ASEM សម្រេចបាននាពេលកន្លងមក (២) វាយតំលៃពីទំនោរថ្មីៗដែលនឹងអាចជះឥទ្ធិពលមកលើតួនាទី របស់ ASEM (៣) កំណត់វិស័យសហប្រតិបត្តិការសំខាន់ៗរបស់ ASEM និង (៤) ជំរុញភាពជាដៃគូ អាស៊ី-អឺរ៉ុបឱ្យកាន់តែរីកចម្រើនថែមទៀតនៅក្នុងបរិបទនៃពិភពលោកដែលកំពុងមានការផ្លាស់ប្តូរនា ពេលបច្ចុប្បន្ននេះ៕

ដោយ៖សុខ ខេមរា


ចែករំលែក៖