ព័ត៌មានទាន់ហេតុការណ៍៖

ជាប់អន្ទាក់នគរបាលខេត្តកណ្តាល ខណ:ព្រហើន! ទោះតំបន់ទីប្រជុំជន ចង្អៀត បើកលឿនៗ វ៉ាជែងគ្នា នៅលើផ្លូវលេខ21B ឃុំឈើទាល

ចែករំលែក៖

ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនគណនីហ្វេសបុក សុំមិនបញ្ចេញឈ្មោះ ដែលបានរាយការណ៍ក្នុងប្រអប់សារផេកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា ៖ ជំរាបសួរបង សូមជួយត្រួតពិនិត្យក្រុមឡានដឹកដីផងបង ជារៀងរាល់ថ្ងៃ ទោះតំបន់ទីប្រជុំជន ចង្អៀត បើកលឿនៗ វ៉ាជែងគ្នា នៅលើផ្លូវលេខ21B ឃុំឈើទាល ស្រុកកៀនស្វាយ។

ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បញ្ជាឲ្យលោកអធិការនគរបាលស្រុកកៀនស្វាយស្រាវជ្រាវករណីខាងលើ។

ជាលទ្ធផល៖
នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៩:១០នាទី កម្លាំងផ្នែកជំនាញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានចុះដល់ចំណុចទីតាំងផ្លូវជាតិលេខ២១B ក្នុងភូមិសាស្រ្ត ឃុំឈើទាល ស្រុកកៀនស្វាយ បានធ្វើការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាដល់អ្នកបើកបររថយន្តបង្កបញ្ហាបើកបរលឿន និងវ៉ាជែងកន្លែងទីប្រជុំជនចំនួន២៧គ្រឿង ឲ្យគោរពដាច់ខាតច្បាប់ចរាចរណ៍ផ្លូវគោក។

អាស្រ័យហេតុនេះ សូមសាធារណជន ដែលប្រើប្រាស់បណ្តាញសង្គមមេត្តាជ្រាប៕

ដោយ៖ សិលា


ចែករំលែក៖