ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង និងបុរសម្នាក់ទៀតបានរងរបួសស្រាល បន្ទាប់ពីពួកគេទាំង២នាក់ ជិះម៉ូតូចេញពីធ្វេីការក្នុងបំណងទៅផ្ទះស្រាប់តែត្រូវរថយន្តក្រឡុកស៊ីម៉ងត៍ធុនធំមួយគ្រឿងបានបើកបុកពីក្រោយទាំងកំរោល បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៧ និង០០នាទីល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ខាងកើតស្តុបទួលពង្រ ស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះ មានឈ្មោះ សុខ កា អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ក្រុមហ៊ុនជីបម៉ុង ។ ដោយឡែកបុរសជាអ្នកឌុប និងជាអ្នករងរបួសស្រាល គេមិនស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានវ័យប្រហាក់ប្រហែលគ្នាជាមួយអ្នកស្លាប់។ អ្នកទាំង២នាក់ជាបងប្អូនជីដូនមួយនឹងគ្នា មានទីលំនៅជិតវត្តព្រៃស្ពឺ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា នៅមុនកើតហេតុ គេសង្កេតឃើញជនរងគ្រោះទាំង២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រ៊ីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BY-8009 ឌុបគ្នាតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនធម្មតា ។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តក្រឡុកស៊ីម៉ងត៍មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 5A-0678 បើកបរដោយបុរសម្នាក់ធ្វើដំណើរស្របទិសគ្នាបានរេចង្កូតទៅបុកពីក្រោយម៉ូតូជនរងគ្រោះទាំងកំរោល បណ្តាលឱ្យភាគីខាងម៉ូតូ ដួលខ្ទាតស្ត្រីជាអ្នកជិះពីក្រោយចូលក្រោមកង់រថយន្តត្រូវកិនស្លាប់នៅនឹងកន្លែង ដោយឡែកបុរសជាអ្នកឌុបរងរបួសស្រាល ។ ភ្លាមៗនោះបុរសជាអ្នកបើកបររថយន្តបង្កហេតុបម្រុងបើកទ្វាររថយន្តរត់គេច តែត្រូវពលរដ្ឋដែលឃើញហេតុការណ៍ធ្វើការចាប់ឃាត់ខ្លួនទុកប្រគល់ជូនសមត្ថកិច្ចតែម្តង ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន រួមជាមួយជំនាញ បានចុះធ្វើអន្តរាគមន៍ និងធ្វើការវាស់វែងអូសយកទាំងរថយន្តបង្កហេតុ និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅការិយល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។ ក្នុងនោះ បុរសជាតៃកុងរថយន្ត ក៏ត្រូវឃាត់យកទៅជាមួយផងដែរ ។
ដោយឡែកចំពោះសពជនរងគ្រោះត្រូវប្រគល់ជូនក្រុមគ្រួសារសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕
ដោយ៖សុខាសែនជ័យ