ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានរដ្ឋបាល​ជលផល ៖ ស្នើ​ដល់​គ្រប់​មន្ទីរ​កសិកម្ម​ តាមបណ្ដារាជធានី​ ខេត្ត​ ជួយ​រក​ទីផ្សារ​ត្រី​ ខណៈ​ត្រីសាច់មានការ​ថយចុះ​

ចែករំលែក៖

ភ្នំពេញ​​ ៖​ រដ្ឋបាល​ជលផល នៃ​ក្រ​សួ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ បានស្នើ​សុំ​ដល់ គ្រប់​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត ឱ្យ​ជម្រុញ​រក​ទីផ្សារ វារីវប្បកម្ម ជូន​វា​រី​វប្បករ តាម​រាជធានី ខេត្ត ។​ នេះបេី​តាមការលើកឡើងរបស់​​លោក ពុំ សុថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល​ កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១​​។

ជាក់ស្ដែង​នៅក្នុង​លិខិតដែល​ចុះ​ហត្ថ​លេខដោយ​លោក ពុំ សុថា បាន​សរសេរ យោងតាម​ការណែនាំរបស់លោក​រដ្ឋមន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុងឱកាស​ជួប សំណេះសំណាល ជាមួយ​វា​រី​វប្បករ នៅ​ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២១កន្លងទៅនេះ​​។​

​ប្រធានរដ្ឋបាល​ជលផលរូបនេះ​ បានបញ្ជាក់នៅក្នុង​លិខិត​របស់ខ្លួន​ថា៖​ ” ខ្ញុំ​សូម​ជម្រាប​លោក ប្រធាន​មន្ទីរ​ថា បច្ចុប្បន្ន ការអភិវឌ្ឍ​វារីវប្បកម្ម នៅ​ទូទាំងប្រទេស បាននិងកំពុង រីកចម្រើន គួរកត់សម្គាល់ ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​រាជរដ្ឋាភិបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រដ្ឋបាល​ជលផល និង​ដៃគូរ​អភិវឌ្ឍន៍​នានា ឃើញថា រយៈពេល ១០ឆ្នាំ​មកនេះ ការងារ​វារីវប្បកម្ម មានការ​ចាប់អារម្មណ៍ យ៉ាងខ្លាំង​ពី​សំណាក់ វា​រី​វប្បករ ក្នុង​ការធ្វើ​វារីវប្បកម្ម ខ្នាតតូច មធ្យម និង ខ្នាត​ធំ រួមមាន ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ បែ ស៊ង ស្រែ និង ថង់​ប្លា​ស្ទីក ជាដើម ដែលនាំឱ្យ បរិមាណ​ផល វារីវប្បកម្ម មាន​សន្ទុះ​កើនឡើង ជា​លំដាប់​។​

​នៅក្នុង​លិខិតដដែល​ បានបន្ថែមទៀតថា៖​ ជាក់ស្តែង ផល​វារីវប្បកម្ម បាន​កើន​ពី ៦០ ទៅ ៣០៧ ពាន់​តោន ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ (​កើន​ជា​មធ្យម ២០ ភាគរយ ក្នុង​មួយឆ្នាំ​)​។

ដោយឡែកក្នុងអំឡុងពេល នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ-១៩ កម្មវិធី​ជួបជុំ ដូចជា៖ កា​រៀប​អាពាហ៍ពិពាហ៍ បុណ្យទាន​ផ្សេងៗ កន្លែង​ទេសចរណ៍ និង​ភោជនីយដ្ឋាន មួយចំនួន ត្រូវបាន​បិទ ដែលនាំឱ្យ​តម្រូវការ ត្រី​សាច់ មានការ​ថយចុះ​បណ្តាលឱ្យ វា​រី​វប្បករ ជួប​ការលំបាក ក្នុង​ការរក​ទីផ្សារ​។ អាស្រ័យ​ដូចនេះ សូម​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រាជធានី ខេត្ត ជួយ​ជម្រុញ​ខណ្ឌ​រដ្ឋបាល​ជល​ផល ឱ្យខិត​ខំ​រក​ទីផ្សារ ជូន​វា​រី​វប្បករ ស្របតាម​ការណែនាំ របស់លោក​រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

ដោយ​៖សហការី​


ចែករំលែក៖