ភ្នំពេញ៖ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (គណៈកម្មការទី៩) នៃរដ្ឋសភា លោកស្រី និន សាផុន និងលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូចម្រុះចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជាតិលេខ១៤៦B និងផ្លូវជាតិលេខ ១៤៨ ដែលគ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ខាងមុខនេះ!។
បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះធ្វើឡើងដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេស តាមដានវឌ្ឍនភាពការងារសាងសង់ និងពិនិត្យថាតើក្រុមហ៊ុនសាងសង់កំពុងអនុវត្តការងារនីមួយៗត្រឹមត្រូវតាមសៀវភៅបន្ទុក ឬកិច្ចសន្យាដែរ ឬទេ ដើម្បីធានាគុណភាពផ្លូវថ្នល់រឹងមាំ និងប្រើប្រាស់ជាប់បានយូអង្វែង។
សូមជម្រាបជូនថា៖ ផ្លូវលេខ១៤៦B និងផ្លូវខេត្តលេខ១៤៨ ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិលេខ៤ (ត្រង់ គីឡូម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វលើផ្លូវជាតិ លេខ៤ (ត្រង់ គីឡូម៉ែត្រ ២២៥ +៥៥០) ផ្លូវជាតិលេខ១៤៦B ចាប់ផ្តើមពីចំណុចប្រសព្វលើផ្លូវជាតិ លេខ៤ (ត្រង់គីឡូ ម៉ែត្រ ១៧៨ +១៦៥) រួចឆ្លងកាត់លើផ្លូវខេត្តលេខ១៤៨ បញ្ចប់ក្នុងចំណុចប្រសព្វ លើផ្លូវជាតិលេខ៤ (ត្រង់គីឡូម៉ែត្រ ២២៥ +៥៥០) ចុះកិច្ចសន្យាសាងសង់នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ដែលចាប់ផ្តើមសាងសង់ក្នុងកំឡុងខែមេសា ឆ្នាំ២០២០ និងគ្រោងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២។
នៅក្នុងដំណើរចុះពិនិត្យគុណភាពផ្លូវនេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានដឹកនាំក្រុមការងារបច្ចេកទេសជំនាញ ដើម្បីធ្វើតេស្តគុណភាពស្រទាប់ផ្លូវថា តើវាមានគុណភាពជាប់រឹងមាំកម្រិតណា ដោយប្រើប្រាស់ បច្ចេកទេសម៉ាស៊ីនចល័តប្រភេទ FWD ដែលជាម៉ាស៊ីនធ្វើតេស្តគុណភាពផ្លូវ គ្រប់គ្រងដោយក្រុមការងារ ត្រួតពិនិត្យលក្ខណៈបច្ចេកទេសពិសេស ដែលដឹកនាំដោយរដ្ឋលេខាធិការមួយរូប អាចធ្វើតេស្តគុណភាព ប្រកបដោយឯករាជ្យភាព ក្រុមការងារនេះមានម៉ាស៊ីនជាច្រើនគ្រឿងសម្រាប់ចល័តទៅគ្រប់ការដ្ឋានទាំង អស់ដោយគ្មានការជូនដំណឹងជាមុន ដើម្បីធ្វើតេស្ត និងចេញរបាយការណ៍វាយតម្លៃប្រកបសុក្រឹត្យភាព ដោយមិនចំណុះទៅនឹងអង្គភាព ឬគម្រោងណាមួយឡើយ។
គួរកត់សម្គាល់ផងដែរថា៖ ផ្លូវលេខ១៤៦បេ សាងសង់ឡើងក្រោមកញ្ចប់ថវិកាសន្សំរបស់ជាតិ ផ្លូវនេះមាន ប្រវែងសរុប៤៣,០២ គីឡូម៉ែត្រ ក្នុងនោះប្រវែង២១គីឡូម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ(AC)កម្រាស់ ៩សង់ទីម៉ែត្រ ចំណែកប្រវែង២២គីឡូម៉ែត្រទៀតជាប្រភេទផ្លូវបេតុង កម្រាស់ ២៦សង់ទីម៉ែត្រ និងទទឹងផ្លូវ សរុបជារួម១២ម៉ែត្រ៕ដោយ៖ សហការី
ប្រភពពី៖ហ្វេសប៊ុករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន