ព័ត៌មានទាន់ហេតុការណ៍៖

ប្រទេសក្រីក្របង្ហាញការខឹងសម្បាយ៉ាងខ្លាំងដល់ប្រទេសអ្នកមានដែលរក្សាវ៉ាក់សំាងមិនចែកចាយដល់ប្រទេសក្រីក្រ

ចែករំលែក៖

វ៉ាក់សាំងរាប់សិបលានដូសបានរក្សាទុកចោលនៅក្នុងប្រទេសអ្នកមានរហូតដល់ជិតផុតកំណត់ ប្រើប្រាស់ដោយមិនព្រមចែកចាយដល់ប្រទេសផ្សេងទៀតដែលត្រូវការវ៉ាក់សាំងជាចាំបាច់នោះទេ។ ក្នុងពេលវ៉ាក់សាំងរបស់ខ្លួនជិតផុតកំណត់ទើបប្រកាសចែកចាយដល់ប្រទេសផ្សេង ក្នុងនោះជាក់ស្តែងមានសហរដ្ឋអាមេរិកនិងអុីស្រាអែលជាដើម។

នៅពេលនេះដែរ រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស លោក អាប់ឌុល ម៉ូមិន (Abdul Momen) បានបង្ហាញការខកចិត្តជាខ្លាំង ចំពោះបណ្ដាប្រទេសអ្នកមានមួយចំនួនដែលស្ដុកទុកវ៉ាក់សាំង COVID-19 លើសពីតម្រូវការ និងកំពុងដាក់លក្ខខណ្ឌសម្រាប់ការផ្គត់ផ្គង់ដល់បណ្ដាប្រទេសដទៃថែមទៀតផង។
ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅថ្ងៃពុធនេះ លោក Abdul Momen បានគូសបញ្ជាក់យ៉ាងដូច្នេះថា «នាយករដ្ឋមន្ត្រីរបស់យើងបាននិយាយថា វ៉ាក់សាំង COVID-19 គួរតែជាទំនិញសាធារណៈមួយ។ ប៉ុន្តែជាអកុសល បណ្ដាប្រទេសអ្នកមានខ្លះបែរជានាំគ្នាស្ដុកទុកវ៉ាក់សាំងលើសពីតម្រូវការទៅវិញ ខណៈវ៉ាក់សាំងទាំងនោះកំពុងជិតផុតសុពលភាពទៅទៀត»។
ជាមួយគ្នានេះអង្គការសុខភាពពិភពលោក WHO បាននិយាយថាប្រទេសក្រីក្រមួយចំនួនធំនៅជុំវិញពិភពលោកដែលកំពុងទទួលបានវ៉ាក់សាំង COVID-19 តាមយន្ដការ COVAX មិនមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីបន្តយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនទៀតឡើយ។
បើតាមទីប្រឹក្សាជាន់ខ្ពស់ WHO លោក ព្រូស អាលីវ៉ាដ (Bruce Alyward) យន្ដការ COVAX បានផ្ដល់វ៉ាក់សាំង ៩០លានដូសហើយដល់បណ្ដាប្រទេសចំនួន១៣១ ហើយការខ្វះខាតនាពេលបច្ចុប្បន្ន កើតមានឡើងចំពេលបណ្ដាប្រទេសក្នុងតំបន់អាហ្វ្រិកមួយចំនួនកំពុងប្រឈមមុខនឹងរលកទី៣។
កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ស៊ីរីល រ៉ាម៉ាផូសា (Cyril Ramaphosa) បានអំពាវនាវឱ្យក្រុមប្រទេសអ្នកមានបញ្ឈប់ជាបន្ទាន់នូវការស្ដុកទុកវ៉ាក់សាំងលើសតម្រូវការ ខណៈរដ្ឋាភិបាលរបស់លោកកំពុងធ្វើការងារជាមួយ COVAX សំដៅបង្កើតតំបន់ពិសេសមួយដើម្បីផលិត វ៉ាក់សាំងបន្ថែមនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង៕

ដោយ៖ធីរីណា(រូបភាព៖TTXVN)


ចែករំលែក៖