ការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ នៅអាមេរិក ដូចជាទន្រ្ទាំជើងនៅមួយកន្លែង ដោយសារតែពលរដ្ឋមានវ័យក្មេងមិនព្រមទៅចាក់វ៉ាក់សាំង។ កន្លងមកអាមេរិកបានកំណត់គោលដៅចាក់វ៉ាក់សំាងជូនពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅឲ្យបាន៧០% នៅមុនថ្ងៃឯករាជ្យ ៤កក្កដា។
សារព័ត៌មានរ៉យទ័របានផ្សាយថា គោលដៅរបស់ប្រធានាធិបតីអាមេរិក ចូ បៃឌិន ស្តីពីការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ដល់ពលរដ្ឋជាង៧០%ចំពោះពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ ឲ្យបានមុនថ្ងៃឯករាជ្យ ប៉ុន្តែគោលដៅទាំងនោះពិបាកទទួលបានជោគជ័យដោយសារតែពលរដ្ឋមានវ័យក្រោម៣០ឆ្នាំភាគច្រើនមិនចង់ទៅចាក់វ៉ាក់សាំង ។
ប៉ុន្តែ លោកJeffrey Zients ប្រធានក្រុមប្រយុទ្ធប្រឆាំងកូវីដ-១៩ ប្រចាំសេតវិមានបានឱ្យដឹងថា អាមេរិក នឹងសម្រេចបានគោលដៅ នៅប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋតាមការរំពឹងទុករបស់ប្រធានាធិបតី។ លោកបន្តទៀតថា ពលរដ្ឋវ័យក្មេងនៅអាមេរិកយល់ឃើញថា កូវីដ-១៩ មិនប៉ះពាល់ដល់ពួកគេឡើយ ដូច្នេះហើយទើបពួកគេមិនទៅចាក់វ៉ាក់សាំង ។ ទាំងនោះហើយបានជាមន្ត្រីនៅតាមមូលដ្ឋានខំប្រឹងបញ្ចុះបញ្ចូលពលរដ្ឋវ័យក្មេងឲ្យនាំគ្នាទៅចាក់វ៉ាក់សាំង។
នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១,០០៥នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈដែលអ្នកជំងឺ ៣៥២នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។
ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៤,៤៣៤,៨០៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦១៧,៨៧៥នាក់ និងជាសះស្បើយឡើងសរុប ២៨,៨១៧,១៣៤លាននាក់៕ដោយ៖ធីរីណា
ការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩សម្រាប់ប្រជាជននៅរដ្ឋកាលីហ្វ័រញ៉ាសហរដ្ឋអាមេរិក។ រូបភាព៖ REUTERS+TTXVN