ព័ត៌មានទាន់ហេតុការណ៍៖

រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា !

ចែករំលែក៖

ភ្នំពេញ៖ លោក ប្រាក់ សុខុន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃចក្រភពអង់គ្លេស ដែលបានបន្ត ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធ (GSP) ដល់ប្រទេសកម្ពុជា និងសម្រាប់ជំនួយលើវិស័យអប់រំ ការ បោសសម្អាតមីន និងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (ECCC)។ រដ្ឋមន្ត្រីការបរទេស ទាំងពីរបានឯកភាពគា្នលើសារៈសំខាន់នៃកិច្ចសន្ទនាអំពីបញ្ហាពាណិជ្ជកម្ម។ រដ្ឋមន្ត្រីការបរទេស ទាំងពីរបានចែករំលែកនូវគោលបំណងរួមក្នុងការបន្តពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង ទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅលើវិស័យមួយចំនួនសម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាពិសេសក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម អប់រំ ការបោសសំអាតមីន សុខាភិបាល និងបរិស្ថាន។

រដ្ឋមន្ត្រីការបរទេសទាំងពីរបានឯកភាពលើភាពចាំបាច់ក្នុងការផ្សព្វផ្សាយអំពីឱកាសធុរកិច្ចនៅក្នុង ប្រទេសកម្ពុជា ដើម្បីលើកទឹកចិត្តដល់វិនិយោគិនចក្រភពអង់គ្លេសច្រើនថែមទៀតឱ្យធ្វើការដាក់ រើសយកប្រទេសកម្ពុជាជាគោលដៅវិនិយោគ ដោយគិតពិចារណាទៅលើសក្តានុពលរបស់កម្ពុជា ដែលបានផលពីសារពើពន្ធ និងការលើកទឹកចិត្តផ្សេងៗ ក្របខ័ណ្ឌកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ាន (AFTA) ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ។ ក្នុងន័យនេះ ភាគី ទាំងពីរបានគិតគូរពិចារណាបង្កើតឱ្យមានអនុស្សារណៈនៃការយោគយល់គ្នាស្តីពីការសមប សម្រួលពាណិជ្ជកម្ម (MoU on Trade Facilitation)៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖