ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយ សប្បុរសធម៌ ពីសប្បុរសជន ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩

ចែករំលែក៖

 

        ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ទទួល អំណោយសប្បុរសធម៌ ជាសម្ភារៈ ពីក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ជារុឺម៉កកង់បី ពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងសម្រាប់ដឹកវ៉ាក់សាំង  ចំនួន៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជាច្រើនមុខទៀត ដើម្បីជាមធ្យោបាយដឹកជញ្ជូនបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩  ខណៈដែលជំងឺ នេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ។

   ពិធីប្រគល់នឹងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤មិថុនា ឆ្នាំ២០២១នេះ  ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុុជានៅសាលារាជធានីភ្នំពេញ ។

    លោក ហួត ហៃ ក្នុងឱកាសនោះ បានថ្លែងថា ៖ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរុឺម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូន និងបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ។

  តាមរយៈកាយវិការដ៏ល្អប្រពៃ ប្រកបដោយមនុស្សធម៌ និងគុណធម៌ខាងលើនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាល ស្របតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានទាន់ពេលវលា។ ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រលាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិ សាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាន និងកំពុង ជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩ (Covid-19)។ សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំ ទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។

   សូមបញ្ជាក់ថា ៖ ក្រុមហ៊ុន Bajaj (ហនុមានអូតូត្រេឌីង ឯ.ក ) បានប្រគល់រុឺម៉កកង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ៣គ្រឿង ហើយ ក្រុមហ៊ុន Grab  ហ្គ្រេប (ខេមបូឌា) ឯ.ក បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ដែលមានដូចជា អាវការពារសម្រាប់បុគ្គលិកសុខាភិបាល ចំនួន៨០០០សម្រាប់, ម៉ាស់ប្រភេទ NK95 ចំនួន ៨,០០០ម៉ាស់ ,មួកការពារ សម្រាប់បុគ្គលិកសុខាភិបាន ចំនួន៨,០០០សម្រាប់ , ស្រោមស្បែកជើង សម្រាប់បុគ្គលិកសុខាភិបាល ចំនួន ៨,០០០សម្រាប់ ៕

ដោយ ៖ សំរិត


ចែករំលែក៖