ព័ត៌មានទាន់ហេតុការណ៍៖

តម្លៃ​ប្រេង​ឡើងថ្លៃ៖ ខណៈដែល​ស្តុក​ប្រេង​​ឆៅ​ និង​សាំង​របស់អាមេរិក​ ធ្លាក់ចុះ​

ចែករំលែក៖

សេដ្ឋកិច្ច​​​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៤​ ខែមិថុនា​ ឆ្នាំ​២០២១​នេះ​ តម្លៃ​ថ្លៃ​ប្រេង​ឆៅ​បាន​ឡើង​ ​ខណៈ​ដែល​ស្តុក​ប្រេង​ឆៅ​ និង​សាំង​របស់​អាមេរិក​ ​ធ្លាក់​ចុះ​ដែល​នាំឱ្យ​មាន​សុទិដ្ឋិនិយម​អំពី​ការ​រើប​រើ​ឡើងវិញ​លឿន​នៃ​​តំរូវការ​ប្រេង និង​ការ​មន្ទិល​អំពី​អនាគត​នៃ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​អុីរ៉ង់​ឆ្នាំ​២០១៥ ដែល​អាច​បញ្ចប់​ទណ្ឌកម្ម​អាមេរិក​លើ​ការនាំចេញ​ប្រេង​ឆៅ​របស់​អុីរ៉ង់​។​

ជាក់ស្ដែង​កាលពី​ថ្ងៃ​ពុធទី២៣​ ខែមិថុនា​ម្សិលមិញនេះ​ ប្រេង​ឆៅ​Brent​ បាន​ឡើង​៩​សេន មកដល់​៧៥,២៨​ដុល្លារ​ក្នុង​មួយ​បារ៉ែល បន្ទាប់​ពី​កើន​០,៥​ភាគរយ​​។​ ចំណែក​ប្រេង​ផ្សារ​WTI​ បាន​កើន​៦​សេន ដល់​៧៣,១៤​ដុល្លារ​ក្នុង​មួយ​បារ៉ែល បន្ទាប់​ពី​ឡើង​០,៣​ភាគរយ​កាលពី​ថ្ងៃ​ពុធ​។​

​ដោយ​ឡែក​ ប្រេង​ឆៅ​នៅ​ផ្សារ​ទាំង​ពីរ​ បាន​ហក់​ឡើង​ខ្ពស់​បំផុត​ កាលពី​ថ្ងៃ​ពុធទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ បើ​ធៀប​នឹង​ថ្លៃ​ប្រេង​នានា​ ចាប់តាំងពី​ខែ​តុលា​ឆ្នាំ​២០១៨​ កន្លងមក ។​

​សូមជម្រាបថា​ ស្តុក​ប្រេង​ឆៅ​អាមេរិក​ ​បាន​ធ្លាក់ចុះ​៧,៦​លាន​បារ៉ែល​មក​នៅត្រឹម ៤៥៩,១​លាន​បារ៉ែល​ កាលពី​ថ្ងៃ​១៨​ ខែ​មិថុនា ជា​ចំនួន​ស្តុក​ទុក​ទាប​បំផុត​ បេីគិត​ចាប់ពី​ខែ​មីនា ឆ្នាំ​២០២០​។​

ដោយ​ឡែក​​ប្រទេសអុីរ៉ង់វិញ​ ​កាលពី​ថ្ងៃ​ពុធ​ទី២៣​ ខែមិថុនា​ ឆ្នាំ​២០២១​ បាន​និយាយ​ថា​ អាមេរិក​បាន​យល់ព្រម​ដកចេញ​ទណ្ឌកម្ម​ទាំងអស់​លើ​ប្រេង​របស់​អុីរ៉ង់ និង​ការដឹកជញ្ជូន​តែ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​និយាយថា “​ខ្លួន​គ្មាន​បាន​ព្រមព្រៀង​អ្វី​ទេ​​ដរាបណា​អ្វីៗ​គ្រប់យ៉ាង​ត្រូវបាន​ព្រមព្រៀងគ្នា​” នៅក្នុង​កិច្ចពិភាក្សា​ដើម្បី​ធ្វើអោយ​រស់​ឡើងវិញ​កិច្ចព្រមព្រៀង​នុយគ្លេអ៊ែរ​ឆ្នាំ​២០១៥៕ដោយ​៖សហការី​


ចែករំលែក៖