ភ្នំពេញ៖ តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អៃឡាន បានអះអាងថាមានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩នោះ។ គ្មានការចាំបាច់ទេ ក្នុងការធ្វើតេស្តរកអង់ទីគ័រក្រោយពេលចាក់វ៉ាក់សាំងរួច ខណៈវ៉ាក់សាំងដែលកម្ពុជាកំពុងចាក់ជូនប្រជាពលរដ្ឋនាពេលបច្នុប្បន្ន ត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់និងបានដាក់ចូលក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា (WHO) លោកស្រី លី អៃឡានថ្លែងយ៉ាងដូច្នេះប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រី លី អៃឡាន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជាហៅកាត់ថា (WHO) មានប្រសាសន៍ឱ្យដឹងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩នោះ គឺអង្គការសុខភាពពិភពលោក មិនធ្លាប់បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ហើយឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនេះ មិនទាន់បានទទួលស្គាល់ពីអង្គការ WHO ដែរ។ លោកស្រីបន្តថា ម្យ៉ាងវិញទៀត វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅកម្ពុជានាពេលនេះ គឺត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់គុណភាព និងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្ន។ ដូច្នេះប្រជាពលរដ្ឋកុំចំណាយថវិកាដើម្បីទិញឧបករណ៍តេស្តរកអង់ទីគ័រនេះ ខណៈអ្វីដែលចាំបាច់ នៅក្នុងពេលនេះ គឺត្រូវទៅចាក់វ៉ាក់សាំង នឹងត្រូវអនុវត្តតាមវិធានការសុខាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីការពារការចម្លងនៃជំងឺដ៏កាចសាហាវមួយនេះ។
« អង្គការសុខភាពពិភពលោកគឺមិនបានផ្ដល់អនុសាសន៍ទេរហូតមកដល់ពេលបច្ចុប្បន្ននេះក្នុងការប្រើប្រាស់នូវការធ្វើតេស្តរហ័សដើម្បីរុករកអង់ទីគ័រ ដែលបញ្ជាក់ ពីប្រព័ន្ធការពារនៅក្នុងរាងកាយ បន្ទាប់ពីទទួលការចាក់វ៉ាក់សាំង ។ មួយទៀតគឺថា រាល់វ៉ាក់សាំង ដែលកំពុងប្រើប្រាស់ក្នុងពេលបច្ចុប្បន្ននេះគឺសុទ្ធតែបានទទួល ស្គាល់ពីអង្គការសុខភាពពិភពលោក ដែលហៅថាប្រើប្រាស់នៅក្នុងបញ្ជី នៃការ ប្រើប្រាស់ក្នុងគ្រាអាសន្ន ហើយសុទ្ធតែបានធ្វើការបញ្ជាក់តាមលក្ខណៈវិទ្យាសាស្រ្ត ហើយឆ្លងកាត់នូវការសិក្សាជាច្រើនទាក់ទងទៅនឹងសុវត្ថិភាព និងប្រសិទ្ធភាពនៃវ៉ាក់ សាំងបានន័យថារាល់វ៉ាក់សាំងដែល កំពុងប្រើប្រាស់គឺជាវ៉ាក់សាំងដែលមានគុណភាពនិងទទួលស្គាល់ពីអង្គការសុខភាពពិភព លោកផងដែរ»។
គូរជម្រាបថា កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាលបានអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវ នាំគ្នាទៅធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩ ដោយប្រើប្រាស់ ឧបករណ៍តេស្តរហ័សខុសច្បាប់នេះជាដាច់ខាត និងត្រូវតែបន្តអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវវិធានការការ ពារដែលបានដាក់ ចេញដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាព បុគ្គល ពីមួយម៉ែត្រកន្លះ ឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅ កន្លែងបិទជិតគ្មានខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីការពារការចម្លងជំងឺដ៏កាចសាហាវកូវីដ-១៩។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ជាអ្នកនាំពាក្យក្រសួងសុខាភិបាល ជា ប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ និងជាប្រធានអនុគណៈកម្មការអប់រំ បណ្តុះបណ្តាល និងទំនាក់ទំនង សាធារណៈ នៃគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩),ធ្លាប់ថ្លែងថា, បច្ចុប្បន្ននេះ មនុស្សម្នានៅលើសាកលលោក កំពុងតែវីវក់ជាមួយនឹងការវ៉ៃលុកនៃវីរុសកូវីដ-១៩ ដែលបានធ្វើឱ្យមាន ការប៉ះពាល់ដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ចប្រទេសជាតិ ព្រមទាំងប្រាក់ចំណូលគ្រួសារផងដែរ។ ស្ថានភាពចម្លងជំងឺ កូវីដ-១៩ នៅតែជាក្តីព្រួយបារម្ភរបស់មនុស្សនៅលើសាកលលោក ជាមួយនឹងការរាតត្បាតយ៉ាងខ្លាំងក្លាពីវីរុសបំប្លែងថ្មី ដែល កំពុងតែចរាចរយ៉ាងសកម្មនៅលើភពផែនដីយើងនេះ និងកំពុងតែញាំញីការរស់នៅរបស់ប្រជាជនទូទៅ។ យើងសង្កេតឃើញ ថា ការចម្លងវីរុសកូវីដ-១៩ នាពេលថ្មីៗនេះ ហាក់មានសភាពលឿន និងខ្លាំង គឺមានពពួកវីរុសកូវីដ-១៩ ដែលពិភពលោកក៏ កំពុងតែបារម្ភពីការចម្លងរបស់វា (Variant of concern)នោះ គឺពពួក B.1.1.7 (Alpha) និងពពួក B.1.617.2 (Delta)។
នៅប្រទេសកម្ពុជា វីរុសកូវីដ-១៩ ដែលបម្លែងថ្មីនេះ ក៏បានរកឃើញដោយការវិភាគរបស់វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា លើវត្ថុ សំណាកអ្នកដំណើរដែលបានចូលមកកម្ពុជាតាមច្រកផ្លូវគោក និងផ្លូវអាកាស ដែលកន្លងមកក្រសួងសុខាភិបាល បានចេញ សេចក្តីជូនព័ត៌មានរួចហើយដែរ។ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១ ក៏មានការរកឃើញបន្ថែមទៀតដោយវិទ្យាស្ថានប៉ាស្ទ័រ កម្ពុជានូវពពួក B.1.617-2 (Delta) ចំនួន ០៧នាក់ (ខេត្តបន្ទាយមានជ័យ ០១នាក់ ខេត្តឧត្តរមានជ័យ ០២នាក់ ខេត្ត សៀមរាប ០២នាក់ ខេត្តកំពង់ចាម ០១នាក់ និងខេត្តកំពត ០១នាក់) ដែលក្រសួងសុខាភិបាល ទើបតែចេញសេចក្តីជូន ព័ត៌មាន សាធារណជន នៅថ្ងៃនោះរួចហើយដែរ ៕
ដោយ៖សិលា