ភ្នំពេញ៖ សត្វ«ឈ្លូសយក្ស»ជាភាសាបច្ចេកទេស Large-antlered muntjac ឬ Giant muntjac (Muntiacus vuquangensis) ដែលជាប្រភេទសត្វរងគ្រោះជិតផុតពូជខ្លាំងលើពិភពលោកនៅក្នុងបញ្ជីក្រហមរបស់ IUCN ត្រូវបានរកឃើញជាលើកដំបូងនៅក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជាក្នុងរយៈពេលជិត ៣០ ឆ្នាំចាប់តាំងពីពេលដែលអ្នកជំនាញបានរកឃើញលើកដំបូងនៅឆ្នាំ១៩៩៤ក្នុងប្រទេសវៀតណាម និងឡាវនៅតាមជួរភ្នំអាណាមដែលលាតសន្ធឹងដល់ឧទ្យានជាតិវីរៈជ័យភាគឦសានប្រទេសកម្ពុជា។ នេះគឺជា ការប្រកាសឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាននៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នេះដោយឈរលើទិន្នន័យរូបភាពប្រមូលបានពីម៉ាស៊ីនថតស្វ័យប្រវត្តិដាក់ដោយមន្ត្រីក្រសួងបរិស្ថាន ដើម្បីសិក្សាស្រាវជ្រាវសត្វព្រៃកម្រៗនៅក្នុងឧទ្យានជាតិវីរៈជ័យ ភូមិសាស្ត្រខេត្តរតនគិរី ចាប់ពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២១នេះ។
លោករដ្ឋលេខាធិការ នេត្រ ភក្ត្រា បានថ្លែងថា នេះគឺជាដំណឹងដ៏រីករាយបំផុតសម្រាប់កម្ពុជា និងសម្រាប់ពិភពលោកទាំងមូល ដែលប្រភេទសត្វកម្ររងគ្រោះជិតផុតពូជខ្លាំងបំផុតនេះ មានវត្តមាននៅ ក្នុងប្រទេសកម្ពុជា និងបានថ្លែងកោតសរសេរចំពោះក្រុមមន្រ្តីក្រសួងបរិស្ថាន ប្រជាសហគមន៍ដែលបានរួមគ្នាចុះសិក្សាស្រាវជ្រាវប្រភេទសត្វព្រៃនៅក្នុងឧទ្យានជាតិវីរៈជ័យដែលបានបានលះបង់កម្លាំងកាយចិត្តក្នុង ការធ្វើដំណើរដ៏លំបាកក្នុងព្រៃដើម្បីបំពេញការងាររបស់ខ្លួន។លោករដ្ឋលេខាធិការបានថ្លែងថាលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះពិតជាមានតម្លៃបំផុតសម្រាប់ការអភិរក្សជីវៈចម្រុះ និងអ្នកបរិស្ថានហើយចាំបាច់ យើងទាំងអស់គ្នាត្រូវចូលរួមការពារនិងអភិរក្សប្រភេទសត្វដ៏កម្រនេះឱ្យបានគង់វង្សក្នុងព្រៃកម្ពុជា។ លោកបានថ្លែងថាដោយការការពារនិងអភិរក្សធនធនធម្មជាតិបានល្អប្រសើរដែលជាទីជម្រក កន្លែងរកចំណី និងប្រភព ទឹកដែលជាតម្រូវការចាំបាច់សម្រាប់ការរស់នៅរបស់សត្វព្រៃ យើងឃើញមានវត្តមាន ប្រភេទសត្វកម្រៗជាច្រើនប្រភេទចាប់ផ្តើមមានវត្តមាននៅក្នុងព្រៃកម្ពុជាឡើងវិញ។ នេះគឺជាលទ្ធផលដ៏វិជ្ជមានមួយ នៃកិច្ចខិតខំប្រឹងប្រែងអភិរក្សធនធានធម្មជាតិរបស់រាជរដ្ឋាភិបាលនិងភាគីពាក់ព័ន្ធទាំងអស់។
លោក ពិន ច័ន្ទរតនា ប្រធានក្រុមការងារស្រាវជ្រាវនៃនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោកខាងកើតទន្លេមេគង្គនៃក្រសួងបរិស្ថានដែលដឹកនាំការស្រាវជ្រាវឧបត្ថមគាំទ្រដោយក្រសួងបរិស្ថាន និងការិយាល័យស្រាវជ្រាវអភិរក្សសត្វព្រៃ (WildCRU) នៃសាកលវិទ្យាល័យ Oxford ចក្រភពអង់គ្លេស បានថ្លែងថា សត្វឈ្លូសយក្សចូលចិត្តរស់នៅក្នុងព្រៃស្រោងនិងព្រៃពាក់កណ្តាលស្រោងមានរយៈកម្ពស់ខ្ពស់ (រហូតដល់ជាង ១០០០ម៉ែត្រពីនីវ៉ូសមុទ្រ)។ នៅកំឡុងទស្សវត្សឆ្នាំ៩០ ស្នែងឈ្លូសយក្សត្រូវបានឃើញដាក់លក់នៅក្នុងភូមិដាច់ស្រយាលមួយនៃខេត្តមណ្ឌលគិរី ប្រទេសកម្ពុជា ប៉ុន្តែមិនដែលមានការរាយការណ៍ពីការឃើញខ្លួនវាដោយផ្ទាល់នោះទេ។ លោកបានថ្លែងថា ឈ្លូសយក្ស ជាប្រភេទឈ្លូសដែលមានមាឌធំជាងគេ អាចមានទម្ងន់លើសពី ៣០គីឡូក្រាមក្នុងមួយក្បាល និងស្ថិតក្នុងចំណោមឈ្លូសទាំង១២ប្រភេទហើយលក្ខណៈខុសគ្នារវាងសត្វឈ្លូសយក្សនិងសត្វឈ្លូសធម្មតា Northern red muntjact (Muntiacus vaginalis) ដែលមានវត្តមានស្ទើរតែនៅទូទាំងប្រទេសកម្ពុជាយើង ត្រង់ចំណុចបីសំខាន់៖ ទី១)ស្នែង៖ ស្នែងសត្វឈ្លូសយក្សមានទំហំធំជាងស្នែងសត្វឈ្លូសធម្មតា ខ្នែងស្នែងតូច ដុះស្រប ឬក៏ដុះបែកងាកចេញក្រៅពីខ្នែងមេ ហើយគល់ស្នែងរបស់ឈ្លូសយក្សខ្លីជាងគល់ស្នែងរបស់ឈ្លូសធម្មតា។ ទី២) កន្ទុយ៖ កន្ទុយរបស់សត្វឈ្លូសយក្សមានប្រវែងខ្លីជាង (ប្រហែល១/៣) កន្ទុយរបស់សត្វឈ្លូសធម្មតា ហើយកន្ទុយនោះមានរាងត្រីកោណ និងមានពណ៌សនៅផ្នែកខាងក្រោម។ ទី៣) ថ្ងាសរបស់សត្វ
ឈ្លូសយក្សញី មានពណ៌ក្រម៉ៅ (ស្ទើរតែខ្មៅតែម្តង) ជាងថ្ងាសឈ្លូសធម្មតា។
តាមរយៈការសិក្សារកឃើញវត្តមានសត្វឈ្លូសយក្សនេះ លោក នេត្រ ភក្ត្រា បានថ្លែងថាក្រសួងបរិស្ថាននឹងបញ្ចូលប្រភេទសត្វនេះទៅក្នុងបញ្ជីជីវៈចម្រុះដែលមាននៅក្នុងប្រទេសកម្ពុជា។ កម្ពុជាដែលតាមការបញ្ជាក់របស់រដ្ឋលេខាធិការក្រសួងបរិស្ថាន ត្រូវបានអ្នកជំនាវស្រាវជ្រាវឃើញថាជាប្រទេសសម្បូរទៅដោយជីវៈចម្រុះដែលបានបង្ហាញវត្តមានប្រភេទថនិកសត្វ ១២៣ ប្រភេទ សត្វស្លាប ៥៤៥ ប្រភេទ ឧរង្គសត្វ ៨៨ ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ២៣០៨ប្រភេទ ត្រី ៨៧៤ ប្រភេទ ផ្កាថ្មរឹង២៤ប្រភេទ ផ្កាថ្មទន់ ១៤ ប្រភេទ ស្មៅសមុទ្រ ១០ ប្រភេទ និងថលជលិក ៦៣ ប្រភេទ។ នៅមានវត្តមានប្រភេទរុក្ខជាតិ និងសត្វមួយចំនួនទៀតដែលមិនទាន់សិក្សាស្រាវជ្រាវ និងកំណត់អត្តសញ្ញាណនៅទ្បើយ។ មានប្រភេទរុក្ខជាតិ និងសត្វដែលបានកំណត់ក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិ ដើម្បីការអភិរក្សធម្មជាតិ (IUCN) ក្នុងតារាង១ ដូចជា៖ ថនឹកសត្វ៣៩ប្រភេទ សត្វស្លាប៣៦ប្រភេទ ឧរង្គសត្វ១៣ប្រភេទ រុក្ខជាតិតូចៗ (vascular plants) ៣៨ប្រភេទ និង ថលជលិក១២ប្រភេទ៕
ដោយ៖ សុខ ខេមរា