ភ្នំពេញ៖ វ៉ាក់សាំងប្រភេទសុីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១។ នេះបើយោងតាមការបញ្ជាក់អោយដឹងពីរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ។លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ប្រាប់អោយដឹងថា តាមការគ្រោងទុកវ៉ាក់សាំងកូវីដ-១៩ ប្រភេទសុីណូវ៉ាក់ របស់សាធារណរដ្ឋប្រជាមានិតចិនចំនួន ១លានដូស នឹងដឹកមកកម្ពុជានៅព្រឹកថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២១ ស្អែកនេះ។
សូមជម្រាបថា គិតត្រឹមថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ៣,៧១៥,៧៥១នាក់។ សម្រាប់លទ្ធផលចាក់វ៉ាក់សាំងគោលដៅ១០លាននាក់ បានចំនួន៣៧.១៦%។
សូមបញ្ជាក់ថា, តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា លោកស្រី លី អៃឡាន បានអះអាងថាមានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ-១៩នោះ គ្មានការចាំបាច់ទេ ក្នុងការធ្វើតេស្តរកអង់ទីគ័រក្រោយពេលចាក់វ៉ាក់សាំងរួច ខណៈវ៉ាក់សាំងដែលកម្ពុជាកំពុងចាក់ជូនប្រជាពរដ្ឋនាពេលបច្នុប្បន្ន ត្រូវបានអង្គការសុខភាពពិភពលោកទទួល ស្គាល់និងបាន ដាក់ចូលក្នុងបញ្ជីរប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្នរួចហើយ។ តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា (WHO) លោកស្រី លី អៃឡាន ថ្លែងយ៉ាងដូច្នេះប្រាប់ដល់ប្រព័ន្ធផ្សព្វផ្សាយ។
លោកស្រី លី អៃឡាន តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជាហៅកាត់ថា (WHO) មានប្រសាសន៍ឱ្យដឹងថា មានហេតុផល២យ៉ាង ដែលបុគ្គលចាក់វ៉ាក់សាំង មិនចាំបាច់ទៅរកការធ្វើតេស្តរកអង់ទីគ័រការពារជំងឺកូវីដ១៩នោះ គឺអង្គការ សុខភាពពិភពលោក មិនធ្លាប់បានផ្ដល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យទៅទិញឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនោះទេ ហើយឧបករណ៍ធ្វើតេស្តរកអង់ទីគ័រនេះ មិនទាន់បានទទួលស្គាល់ពីអង្គការ WHO ដែរ។ លោកស្រីបន្តថា ម្យ៉ាងវិញទៀត វ៉ាក់សាំងដែលកំពុងប្រើប្រាស់នៅកម្ពុជានាពេលនេះ គឺត្រូវបានអង្គការសុខភាពពិភពលោកទទួលស្គាល់គុណភាព និងដាក់បញ្ចូលទៅក្នុងបញ្ជីប្រើប្រាស់បន្ទាន់ក្នុងគ្រាអាសន្ន។ ដូច្នេះប្រជាពលរដ្ឋកុំចំណាយថវិកាដើម្បីទិញឧបករណ៍តេស្តរកអង់ទីគ័រនេះ ខណៈអ្វីដែលចាំបាច់ នៅក្នុងពេលនេះ គឺត្រូវទៅចាក់វ៉ាក់សាំង នឹងត្រូវអនុវត្តតាមវិធានការសុខាភិបាលដែលបានដាក់ចេញនាពេលកន្លងមក ដើម្បីការពារការចម្លងនៃជំងឺដ៏កាចសាហាវមួយនេះ៕
ដោយ៖ សិលា