ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូវីដ-១៩ ជាសហគមន៍ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានសម្រេចប្រកាសផ្អាកជាបណ្តោះអាសន្ន អាជីវកម្មលក់ដូរ នៅផ្សារធំតូចចំនួន ៤ ក្នុងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ។
ជាក់ស្តែងនៅក្នុងសេចក្តីសម្រេចរបស់លោកអភិបាលខេត្ត នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានបញ្ជាក់ថា រដ្ឋបាលខេត្ត បានប្រកាសជូនដំណឹង ស្តីពីការផ្អាកអាជីវកម្មលក់ដូរ ក្នុងទីផ្សារចំនួន៤ ក្នុងស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ ក្នុងគោលបំណងទប់ស្កាត់ជំងឺកូវីដ-១៩ ។
បន្ថែមពីនេះ រដ្ឋបាលខេត្ត បានបញ្ជាក់បន្ថែមថា ចំពោះទីផ្សារដែលតម្រូវឲ្យបិទ ផ្អាកអាជីវកម្មនោះ រួមមាន៖ ទី១. ផ្សារអូរចំណារ ស្ថិតក្នុងឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ។ ទី២. ផ្សារវាលរេញ ស្ថិតក្នុងឃុំវាលរេញ ស្រុកព្រៃនប់ (ប្របផ្លូវជាតិលេខ៤)។ ទី៣.ផ្សារស្ទឹងហាវ ស្ថិតក្នុងឃុំទំនប់រលកថ្មី ស្រុកស្ទឹងហាវ ។ និងទី៤.ផ្សារកោងកាង ស្ថិតក្នុង ភូមិកោងកាង ឃុំទំនប់រលក ស្រុកស្ទឹងហាវ (ផ្សារនេះ ជាផ្សារ រណប)។
រដ្ឋបាលខេត្ត បានបន្តទៀតថា ទីផ្សារទាំងអស់ខាងលើនេះ អាចបើកឱ្យដំណើរការវិញ នៅពេលដ៏ខ្លីខាងមុខនេះ បន្ទាប់ពីពលរដ្ឋ បានទទួលការ ចាក់វ៉ាក់សាំង គ្រប់គ្នារួចរាល់ ។ ដោយឡែកក្នុងយុទ្ធនាការចាក់វ៉ាក់សាំង ទ្រង់ទ្រាយធំ នៅខេត្តព្រះសីហនុ នេះដែរគេសង្កេតឃើញថា អាជ្ញាធរមូលដ្ឋាន ក្នុងខេត្ត បានអំពាវនាវ ដល់ពលរដ្ឋ តាមមូលដ្ឋានរបស់ខ្លួនទាំងអស់ អញ្ជើញចូលរួម ចាក់វ៉ាក់សាំង ដើម្បីរក្សាការពារ និងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ទាំងអស់គ្នា ៕ដោយ៖សហការី