ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីជូនព័ត៌មាន ស្តីពី ការច្រានចោលពាក្យចចាមអារាមថា មានការប្រមូលផ្តុំគ្នាចាក់វ៉ាក់សាំងកូវីដ-១៩ ដោយត្រូវបង់ប្រាក់

ចែករំលែក៖

ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គវក-១៩) សូមគោរពជម្រាបជូន ដំណឹងជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា ថ្មីនេះៗ មានការលេចចេញនូវពាក្យចចាមអារ៉ាមនៅក្នុងស្រទាប់ សាធារណជនថា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវបង់ប្រាក់ក្នុងចំនួនណាមួយមិនច្បាស់លាស់ មានការកៀគរគ្នាទៅចាក់ ដោយបង់ប្រាក់នូវវ៉ាក់សាំងប្រភេទអាស្ត្រាហ្សានីកា។ ជាក់ស្ដែងថ្ងៃនេះ ក្រុមការងារ គវក-១៩ បានចុះស្រាវជ្រាវនូវពាក្យ ដែលបានចែកចាយបន្តៗគ្នាមកនៅតាមគ្លីនិកឯកជន ឃើញថា មិនមានភាពច្បាស់លាស់ និងមានការលើកឡើងថា និយាយ លេងៗ និងឮគេនិយាយតៗគ្នា។ ម្យ៉ាងទៀត មកទល់ពេលនេះ មិនមានវ៉ាក់សាំងប្រភេទអាស្ត្រាហ្សេនីកាណា ដែលនៅ សល់សម្រាប់ចាត់ក្នុងការប្រមូលផ្តុំគ្នាបែបនេះដែរ ព្រោះបានប្រើប្រាស់អស់លទ្ធភាព និងហួសសុពលភាពប្រើប្រាស់ ហើយ ក៏មិនទាន់មានវ៉ាក់សាំងប្រភេទនេះ មកដល់កម្ពុជាបន្ថែមទៀតដែរ។ ដូច្នេះ គ.វ.ក-១៩ សូមធ្វើការបដិសេធទាំងស្រុងនូវ ពាក្យចចាមអារ៉ាមទាំងនេះ។

គ.វ.ក-១៩ . សូមបញ្ជាក់ជូនសារជាថ្មីថា ក្រោមការគិតគូរ និងយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ជូនដល់បុគ្គលដែលមានអាយុពី១៨ឆ្នាំឡើងទៅ និងស្ថិតនៅក្នុងក្រុម អាទិភាពដែលកំណត់ដោយរាជរដ្ឋាភិបាល។ ការចាក់វ៉ាក់សាំងកូវីដ-១៩នេះ កំពុងតែដំណើរការជាបន្តបន្ទាប់ ចាក់ជូនបង ប្អូនប្រជាពលរដ្ឋឱ្យបានតាមផែនការកំណត់ចំនួន ១០លាននាក់ នៅទូទាំងប្រទេស។

គ.វ.ក-១៩ សូមអំពាវនាវដល់បុគ្គលដែលប្រឌិតព័ត៌មាន ឬនិយាយតៗគ្នាខាងលើនេះ ត្រូវបញ្ឈប់ជាបន្ទាន់នូវ សកម្មភាពផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានប្រឌិត ព័ត៌មានក្លែងក្លាយ ដែលបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យប៉ះ ពាល់ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងតែដំណើរការទៅមុខដោយរលូន និងសម្រេចបានលឿនជាងផែនការ ដែលបានកំណត់។

ទន្ទឹមនឹងនេះគ.វ.ក-១៩ សូមអំពាវនាវដល់សាធារណជនទាំងអស់ មិនត្រូវជឿតាមការឃោសនារបស់ជនខិលខូច ដែលបានលើកឡើងថា មានការតម្រូវឲ្យធ្វើការបង់ប្រាក់ក្នុងចំនួនណាមួយដើម្បីទទួលបានការចកវាក់សាំងកូវីដ-១៩ នោះ ឡើយ។ បុគ្គលខិលខូចដែលឆ្លៀតឱកាសទារប្រាក់ពីបុគ្គលចាក់វ៉ាក់សាំង ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពទារប្រាក់ថ្ងៃចាក់វ៉ាក់សាំងដែលជាទង្វើខុសច្បាប់នេះ និងគ្មានក្រមសីលធម៌ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយជាតិចាក់វ៉ាក់ សាំងរបស់រាជរដ្ឋាភិបាល ហើយដែលធ្វើឱ្យមានការខាតបង់ថវិកាបុគ្គល។

ក្នុងនាមគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ខ្ញុំសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ដែលមានអាយុចាប់ពី ១៨ឆ្នាំ ឡើងទៅ សូមមេត្តាកុំចាញ់កលល្បិចទារប្រាក់ណាមួយដើម្បីទទួល បានការចាក់វ៉ាក់សាំងកូវីដ-១៩ ពីបុគ្គលអគតិណាម្នាក់ឱ្យសោះ សូមកុំផ្តល់ប្រាក់កម្រៃចាក់វ៉ាក់សាំងទៅឱ្យជនណាមួយឱ្យសោះ ប្រសិនបើមានការទាមទារដោយជនខិលខូចក្នុងប្រការណាមួយ និងសូមរាយការណ៍ជាបន្ទាន់មក គ.វ.ក-១៩ តាមលេខទូរស័ព្ទ ខាងក្រោមនេះ ហើយសូមបងប្អូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង អញ្ជើញទៅទទួលការចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត និងឥតគិតថ្លៃ នៅពេលដល់វេនរបស់លោកអ្នក បើមិនទាន់ដល់វេនទេនោះ សូមមេត្តារងចាំបន្តិច ដើម្បីកុំឱ្យមានការកកកុញនៅ កន្លែងចាក់វ៉ាក់សាំង ដែលជាហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះដែរ ទោះបីជាបុគ្គលម្នាក់ៗបានទទួលវ៉ាក់សាំងរួចហើយក្តី ក៏ត្រូវតែប្រកាន់ខ្ជាប់នូវការអនុវត្តន៍វិធានការ សុខាភិបាល និងវិធានការរដ្ឋបាលនានាដែលបានដាក់ចេញ ជាពិសេសគឺវិធានការ ៣ការពារ (ពាក់ម៉ាស់ លាងដៃញឹកញាប់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គលពីមួយម៉ែត្រកន្លះឡើង) និង ៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ជាពិសេស ពពួកវីរុស កូវីដ-១៩ បំប្លែងថ្មីនៅក្នុងប្រទេសកម្ពុជា។

បើបងប្អូនប្រជាពលរដ្ឋដែលមានចម្ងល់ ឬមានបញ្ហា ដែលពាក់ព័ន្ធទៅនឹងការងារចាក់វ៉ាក់សាំងកូវីដ-១៩ សូមទាក់ទងតាម លេខទូរស័ព្ទ៖ ០១២ ៧៧៧ ៧៦០ ឬ ០១២ ៩១៦ ០៩៩ ឬ ០១២ ៩០៤ ៣៨៥៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖