ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូចេញពីកម្មវិធីផឹកសុីជាបងប្អូនមួយកន្លែងបំណងត្រឡប់ទៅកន្លែងស្នាក់វិញ ក៏ជ្រុលទៅបុកជាមួយរថយន្តម៉ាកហុីយ៉ាន់ដាយ ធុនយក្ស ពាក់ស្លាកលេខខេមរភូមិន្ទមួយគ្រឿងពីចំហៀងបណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុយ៉ាអាណោចអាធ័ម កាលពីវេលាម៉ោង១០និង២០នាទីថ្ងៃទី២៧ខែមិថុនាឆ្នាំ២០២១ នៅជិតផ្សារបែកចាន តាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ សៅ យ៉ាង ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរបុក្គលិកលក់រថយន្ត ស្នាក់នៅខណ្ឌព្រែកព្នៅ មានស្រុកកំណើត នៅភូមិត្រពាំងស្តៅ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
តាមប្រភពព័ត៌មានពីយុវជនម្នាក់ដែលអះអាងថាជាបងប្អូនជនរងគ្រោះបានប្រាប់ឲ្យដឹងថាមុនកើតហេតុជនរងគ្រោះបានជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IR-1137ចេញពីជួបជុំផឹកសុី ជាមួយបងប្អូននៅផ្សារបែកចាន ដោយគោលបំណងទៅកន្លែងស្នាក់នៅវិញឯខណ្ឌព្រែកព្នៅ ដោយធ្វើដំណើរទិសដៅពីលិចទៅកើត លុះ មកដល់ចំណុចកើតហេតុខាងលើដោយជិះមិនប្រកាន់ស្តាំរេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុកជាមួយរថយន្តទ្រុងធុនយក្សម៉ាកហុីយ៉ាន់ដាយក្បាល ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ02-3-4036ធ្វើដំណើរបញ្ច្រាសទិសដៅគ្នា ពីកើតទៅលិចពីចំហៀងរថយន្តផ្នែកខាងឆ្វេងពេញទំហឹងបណ្តាលដួលបោកក្បាលនិងថ្នល់ស្លាប់នៅនឹងកន្លែងកើតហេតុយ៉ាងអាណោចអាធ័ម។
ភ្លាមនោះរថយន្តបានព្យាយាមបើកគេចចេញពីកន្លែងកើតហេតុ ត្រូវបានប្រជាពលរដ្ឋនាំគ្មាដេញចាប់មកវិញ តែតៃកុងរថយន្តរត់គេចខ្លួនបាត់។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមផ្លូវច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ជូនសាច់ញាតិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖សុខាសែនជ័យ