ភ្នំពេញ៖ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា៖ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ហើយថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ នេះ គឺជាខួបអនស្សាវរីយ៍លើកទី៧០ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។
ក្នុងសំណេររបស់លោក ស សុខា បានបញ្ជាក់បន្ថែមថា ៧០ឆ្នាំកន្លងមកនេះ ប្រទេសកម្ពុជាយើង បានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ហើយគ្រប់ដំណាក់កាល នៃរឿងរ៉ាងលំបាកទាំងនោះ គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។
ព្រះរាជាណាចក្រកម្ពុជាយើង បច្ចុប្បន្នមានសុខសន្តិភាព ស្ថិរភាព និងមានសមិទ្ធផលជាប្រវត្តិសាស្ត្រ ច្រើនឥតគណនា គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបាន របស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា រួមទាំងពុកម៉ែ បងប្អូនប្រជាពលរដ្ឋរាប់លាននាក់ ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ។
ក្នុងនាមយុវជនជំនាន់ក្រោយមួយរូប ខ្ញុំពិតជាមិនអាចភ្លេចបានចំពោះគុណូបការៈដ៏ធំធេង របស់គណបក្សប្រជាជនកម្ពុជា ក្នុងការរំដោះប្រទេសជាតិ និងប្រជាពលរដ្ឋពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ការកសាងនូវសុខសន្តិភាព ស្ថិរភាព ខឿនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ជាពិសេសបានធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភាពល្បីល្បាញទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
ជាចុងក្រោយ លោកសូមឱ្យគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងក្រអៅបេះដូង របស់ប្រជាពលរដ្ឋខ្មែរ ជានិច្ចនិរន្តរ៍តរៀងទៅ៕
ដោយ៖សហការី