ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់បើករថយន្តទំនេីប​Range rover បុកម៉ូតូZoomer X និងឡំប្រឺតាមួយគ្រឿងបណ្ដាលឲ្យរងការខូចខាតនិងរបួសធ្ងន់២នាក់​

ចែករំលែក៖

      ភ្នំពេញ​ ៖​ ប្រុសស្រី២នាក់បានបាក់ជេីងម្ខាងដូចគ្នារងរបួសធ្ងន់​ ហេីយត្រូវរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ​ បន្ទាប់ពីមាននារីរូបស្រស់ម្នាក់បេីករថយន្តស៊េរីទំនេីបម៉ាក​ Range rover បុកម៉ូតូZoomer X ហេីយខ្ទាតទៅបុកឡំប្រឺតាមួយគ្រឿងបន្ថែមទៀតបណ្ដាលឲ្យរងការខូចខាត​ បង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរ​ និងសមត្ថកិច្ចដេញឃាត់តៃកុងរថយន្តបង្ក​បាន​ កាលពីវេលាម៉ោង៨​ និង២០នាទីយប់​ ថ្ងៃទី២៨​ ខែមិថុនា​ ឆ្នាំ​២០២១​ នៅចំណុចស្តុបវត្តមហាមន្ត្រី​ តាមបណ្ដោយផ្លូវ១៦៣​ កែងផ្លូវព្រះសីហនុ​ ក្នុងសង្កាត់អូឡាំពិក​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។ 

    បេីតាមសម្ដីតៃកុងឡំប្រឺតាជាអ្នករងគ្រោះបានប្រាប់ឲ្យដឹងថា​ មុនកេីតហេតុ​ រូបគាត់បេីកឡំប្រឺតា​ តាមបណ្ដោយផ្លូវលេខ១៦៣​ ទិសដៅពីត្បូងមកជេីង​ ខណៈមកដល់កន្លែងកេីតហេតុក៏ឈប់ចាំស្តុប​ ។ ក្រោយមកក៏មានមនុស្សប្រុសស្រី២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក​ Zoomer X ពណ៌សលាយខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ​ 1GE-6547 ធ្វេីដំណេីរឆ្លងស្តុបទិសដៅពីជេីងមកត្បូង​ ក៏ត្រូវរថយន្តស៊េរីទំនេីបម៉ាក​ Range rover ពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ​ 2BJ-6128 បេីកបរដោយនារីម្នាក់ធ្វេីដំណេីរតាមបណ្ដោយផ្លូវព្រះសីហនុ​ ទិសដៅពីលិចមកកេីតក្នុងល្បឿនលឿនមកបុកម៉ូតូZoomer X ពេញទំហឹងនិងខ្ទាតទៅបុកឡំប្រឺតាបន្ថែមបណ្ដាលឲ្យរងការខូចខាត​ ព្រមទាំងធ្វេីឲ្យប្រុសស្រី២នាក់ជាម្ចាស់ម៉ូតូបាក់ជេីងម្ខាងដូចគ្នារងរបួសធ្ងន់​ ត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកាន់មន្ទីរពេទ្យដេីម្បីសង្គ្រោះភ្លាម​ៗ​ ។ ដោយឡែកនារីរូបស្រស់ជាម្ចាស់រថយន្តបង្ក​ ភ្លាមៗបានទាក់ទងទៅមិត្តភក្តិឲ្យមកទទួលយកចេញពីកន្លែងកេីតហេតុទុករថយន្តចោល​ តែត្រូវប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានដេញឃាត់បានទាំងតៃកុង​ និងអ្នកនាំចេញ​យកមកកាន់ប៉ុស្ដិ៍នគរបាលរដ្ឋបាល​ អូឡាំពិក​ ដេីម្បីដោះស្រាយ ។ 

    ក្រោយមក​សមត្ថកិច្ចមូលដ្ឋានបានទាក់ទងទៅមន្ត្រីជំនាញឲ្យមកធ្វេីការវាស់វែងយករថយន្តបង្ក​ ឡំប្រឺតា ម៉ូតូជនរងគ្រោះ​ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក​ រាជធានីភ្នំពេញ​ រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយគ្នាតាមច្បាប់ពេលក្រោយ​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖