ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់បេីករថយន្តធុនតូចទៅបុករថយន្តធុនធំដឹកសត្វគោនិងក្របីខ្ទាតទៅបុកទ្វារផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំងបានបើករថយន្តម៉ាក​ FORESTER រេចង្កូតទៅបុករថយន្តធុនធំដឹកសត្វគោនិងក្របីពីចំហៀងពេញទំហឹង បណ្តាលឲ្យខ្ទាតទៅប៉ះកង់មួយគ្រឿងនិងទ្វារផ្ទះប្រជាពលរដ្ឋបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ ។ 

      ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង ២០នាទីយប់ថ្ងៃទី ២៨ ខែមិថុនា​ ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ជិតរង្វង់មូលកាំកូសុីធី​ ក្នុងសង្កាត់ទឹកល្អក់១​ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ។

    បេីតាមការរៀបរាប់ពីតៃកុងរថយន្តធុនធំម៉ាក​ HINO ពណ៌ក្រហម​ ពាក់ស្លាកលេខពោធិ៍សាត់3A-1446 បានប្រាប់ឱ្យដឹងថា​ មុនកើតហេតុហេតុរូបគាត់បើករថយន្តដឹកសត្វគោនិងក្របីចេញពីខេត្តបាត់ដំបង ឆ្ពោះទៅខេត្តព្រៃវែង​ ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែមានបុរសម្នាក់សង្ស័យស្រវឹងស្រាធ្លាក់ភ្នែកបានបើករថយន្តមួយគ្រឿងម៉ាកSUBARU FORESTER ពណ៌ទឹកប្រាក់​ពាក់ស្លាកលេខភ្នំពេញ2AO-7756ធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីត្បូងទៅជើង បានរេចង្កូតមកខាងឆ្វេងដៃជ្រុលមកបុកពីចំហៀងរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យរថយន្តធុនតូចខ្ទាតមកខាងស្ដាំដៃទៅប៉ះកង់មួយគ្រឿងដែលម្ចាស់ដាក់នៅមុខផ្ទះ​ និងទ្វារផ្ទះពលរដ្ឋរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តធុនធំរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ ។ 

    ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងមានតំណាងភាគីទាំងសងខាងចុះមកដល់កន្លែងកើតហេតុ ដែរ ដោយខាងភាគីរថយន្តធុនតូចបានចេញសំណងថ្លៃខូចខាតទៅឲ្យរថយន្តធុនធំ​ កង់មួយគ្រឿង​ និងទ្វារផ្ទះប្រជាពលរដ្ឋ​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ​


ចែករំលែក៖