ខេត្តកំពង់ចាម ៖ កម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការ ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ និងបន្តទៅសហការជាមួយជំនាញផែនប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាប ករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី (ដោយប្រេីវិធានញុះញង់) ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់។
លោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ អោយដឹងថា ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានដាក់ចេញនូវផែនការរួចមក ហេីយក៏មានការសម្របសម្រួលពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ដេីម្បីអនុវត្តតាមភារកិច្ចបានទទួលលទ្ធផលល្អ ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបាន ប្រាប់អ្នកសារព័ត៌មានថា ក្នុងប្រតិបត្តិការនោះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ៤នាក់ និងចាប់យកវត្ថុតាងមួយ ចំនួនដូចខាងក្រោមនេះ ៖
១.ឈ្មោះ ក្រី ស្នាវី ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ រស់នៅភូមិអូរអំពិល ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
២.ឈ្មោះ កៅ សាលីម ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរអ៊ិស្លាម មុខរបរ កសិករ រស់នៅភូមិព្រែកបាក់ ឃុំព្រែកបាក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៣.ឈ្មោះ វ៉ាន់ វីន ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិអូរស្ងួត ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
៤.ឈ្មោះ ធី វាសនា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ២៥ ឃុំប្រធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។
ចំពោះវត្ថុតាងដែលដកហូតបានរួមមាន÷ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន០២កញ្ចប់(ធំ០១កញ្ចប់) ទូរស័ព្ទដៃចំនួន ០៣គ្រឿង និង ឧបករណ៍សេពថ្នាំញៀនមួយចំនួន ៕
ដោយ ៖ វណ្ណៈ