ខេត្តក្រចេះ ៖ ករណីស្លាប់ ស្ត្រីជនជាតិខ្មែរ អាយុ ៧៥ ឆ្នាំ ដោយសារជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះ ជ្រាបថា យោងតាមរបាយការណ៍របស់មន្ទីរពេទ្យបង្អែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះបានឱ្យដឹងថា, ស្ត្រីជនជាតិខ្មែរ អាយុ៧៥ ឆ្នាំ រស់នៅភូមិហាន់ជ័យទី១ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺកូវី១៩ នៅ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ៧: ០០ នាទីព្រឹក។
នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកឆ្លូង ស្រុកឆ្លូង ខេត្តក្រចេះ បាន យកសំណាកធ្វើតេស្តរហ័សរកឃើញមានផ្ទុកជំងឺកូវីដ-១៩ ប៉ុន្តែដោយស្ថានភាពអ្នកជំងឺមានវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ ស្រួចស្រាវ ទោះបីក្រុមគ្រូពេទ្យបានខិតខំជួយសង្គ្រោះតាមបច្ចេកទេសយ៉ាងណាក៏ដោយ ក៏មិនអាចជួយសង្គ្រោះ អ្នកជំងឺបាន ទើបបណ្តាលឱ្យស្លាប់បាត់បង់ជីវិត។
តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យស្រ្តីខាងលើនេះ បានស្លាប់បាត់បង់ជីវិតដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរស្រួចស្រាវបណ្តាលមកពីវីរុសកូវីដ-១៩។
រដ្ឋបាលខេត្តក្រចេះ សូមចូលរួមចំណែកសោកស្ដាយជាពន់ពេក និងសូមចូលរួមមរណៈទុក្ខយ៉ាង ក្រៀមក្រំជាទីបំផុតជាមួយក្រុមគ្រួសារសព។
អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន មេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា